ព្យុះទីហ្វុង យ៉ិនស៊ីង (Yinxing) បានវាយលុកភាគខាងជើងប្រទេសហ្វីលីពីន ដោយបង្កជាទឹកជំនន់ និងបំណាក់ដី មុនពេលបក់ចេញពីប្រទេសនៅថ្ងៃសុក្រ (០៨ វិច្ឆិកា) នេះ ដោយបានធ្វើឱ្យអាកាសយានដ្ឋានចំនួនពីររងការខូចខាត និងធ្វើឱ្យកាន់តែធ្ងន់ធ្ងរឡើងនូវគ្រោះមហន្តរាយដែលបង្កឡើងដោយព្យុះជាបន្តបន្ទាប់ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

មិនមានរបាយការណ៍ភ្លាមៗអំពីអ្នកស្លាប់ និងរបួសពីព្យុះដ៏ធំទី១៣ Yinxing ដែលបានវាយប្រហារហ្វីលីពីនទេ ខណៈប្រជុំកោះអាស៊ីអាគ្នេយ៍មួយនេះបានរងគ្រោះខ្លាំងពីមហន្តរាយធម្មជាតិនៅឆ្នាំនេះ។
ព្យុះទីហ្វុងនេះ ត្រូវបានតាមដានចុងក្រោយលើសមុទ្រចិនខាងត្បូង ចម្ងាយប្រហែល ១០០គីឡូម៉ែត្រ ភាគខាងលិចនៃខេត្ត អ៊ីឡូកូស ន័រតេ (Ilocos Norte) ភាគខាងជើងហ្វីលីពីន ជាមួយនឹងកម្លាំងខ្យល់បក់រហូតដល់ ១៥០គីឡូម៉ែត្រ ក្នុងមួយម៉ោង ហើយខ្យល់កន្រ្តាក់ដល់ទៅ ២០៥ គីឡូម៉ែត្រក្នុងមួយម៉ោង នេះបើតាមការព្យាករណ៍របស់រដ្ឋាភិបាល។ ព្យុះត្រូវបានរំពឹងថានឹងចុះខ្សោយបន្ថែមទៀត មុនពេលវាយលុកប្រទេសវៀតណាម។

មន្ត្រីខេត្តបាននិយាយថា ព្យុះទីហ្វុងបានបង្កការជន់លិចភូមិនានា ដើមឈើនិងបង្គោលភ្លើងត្រូវដួលរលំ ហើយលំនៅឋាន និងអគាររងការខូចខាត នៅក្នុងខេត្ត កាហ្គាយ៉ាន (Cagayan) ជាទីដែលព្យុះ Yinxing បានបោកបក់ដល់ដីកាលពីរសៀលថ្ងៃព្រហស្បតិ៍។ អ្នកភូមិជាង ៤០.០០០នាក់ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពក្នុងខេត្តនេះ៕