ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានចុះហត្ថលេខាលើច្បាប់ចំនួនពីរនៅថ្ងៃសុក្រ (០៨ វិច្ឆិកា) នេះ ក្នុងគោលបំណងពង្រឹងការអះអាងសិទ្ធិដែនសមុទ្រ និងពង្រឹងបូរណភាពទឹកដីរបស់ខ្លួន ខណៈភាពតានតឹងជាមួយប្រទេសចិន ជុំវិញតំបន់ជម្លោះនៅសមុទ្រចិនខាងត្បូងនៅតែបន្តកើតមាន។

អ្នកជំនាញចិននិយាយថា ច្បាប់ទាំងពីរច្បាប់តំបន់សមុទ្រ និងច្បាប់ផ្លូវសមុទ្រប្រជុំកោះ ដែលមានបំណងពង្រឹងការអនុវត្តច្បាប់ប្រឆាំងនឹងនាវាបរទេសនៅក្នុងដែនទឹកដែលខ្លួនអះអាងសិទ្ធិនៅសមុទ្រចិនខាងត្បូង បំពានធម្មនុញ្ញអង្គការសហប្រជាជាតិ និងបទប្បញ្ញត្តិសំខាន់ៗនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ហើយនឹងបង្កើនភាពតានតឹងក្នុងតំបន់បន្ថែមទៀត។

រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី លើកឡើងថា សកម្មភាពនេះគឺផ្ទុយទៅនឹងកិច្ចព្រមព្រៀងដែលបានធ្វើឡើងពីមុនរវាងចិន និងហ្វីលីពីន ដើម្បីដោះស្រាយជម្លោះតាមរយៈការចរចាទ្វេភាគី និងរំលោភលើការប្តេជ្ញាចិត្តដែលហ្វីលីពីនបានធ្វើ នៅក្រោមសេចក្តីប្រកាសស្តីពីការប្រតិបត្តិនៃភាគីនានានៅសមុទ្រចិនខាងត្បូង។
លោក Marcos បានសាទរចំពោះច្បាប់នេះថាជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់ហ្វីលីពីន ក្នុងការរក្សាសណ្តាប់ធ្នាប់ដែលមានមូលដ្ឋានលើច្បាប់អន្តរជាតិ និងការពារសិទ្ធិរបស់ខ្លួនក្នុងការទាញយកធនធានដោយសន្តិវិធីនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ)។
ចិន អះអាងសិទ្ធិអធិបតេយ្យភាពរបស់ខ្លួនលើស្ទើរតែសមុទ្រចិនខាងត្បូងទាំងមូល ហើយសកម្មភាពនាវាឆ្មាំល្បាតឆ្នេររបស់ទីក្រុងប៉េកាំង តែងប៉ះទង្គិចជាមួយនាវាហ្វីលីពីន ជាញឹកញាប់ នៅជុំវិញដែនទឹកជម្លោះដែលភាគីទាំងពីរនេះអះអាងសិទ្ធិថាជារបស់ខ្លួន៕