អង្គការសហប្រជាជាតិ បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋរ៉ាឃីនដែលហែកហួរដោយជម្លោះរបស់ប្រទេសមីយ៉ាន់ម៉ា កំពុងឈានទៅរកគ្រោះទុរភិក្ស ខណៈដែលសង្រ្គាមស៊ីវិលរបស់ប្រទេសនេះ បានបង្កជាឧបសគ្គដល់ពាណិជ្ជកម្ម និងផលិតកម្មកសិកម្ម។

របាយការណ៍ថ្មីមួយពីកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ បាននិយាយថា៖«សេដ្ឋកិច្ចរបស់រដ្ឋរ៉ាឃីន បានឈប់ដំណើរការ» ដោយបានព្យាករពី«ស្ថានភាពទុរ្ភិក្សនៅពាក់កណ្តាលឆ្នាំ ២០២៥» ប្រសិនបើកម្រិតអសន្តិសុខស្បៀងបច្ចុប្បន្ន មិនត្រូវបានដោះស្រាយនោះទេ។

របាយការណ៍នោះ បានបន្តទៀតថា មនុស្សប្រហែលពីរលាននាក់ កំពុងប្រឈមនឹងភាពស្រេឃ្លាន។
ចំពេលមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅក្នុងប្រទេសនេះ ផ្លូវពាណិជ្ជកម្មអន្តរជាតិ និងក្នុងស្រុកដែលឈានទៅដល់រដ្ឋក្រីក្ររួចទៅហើយ ត្រូវបានបិទ ដែលទុកឲ្យច្រកចូលជំនួយនិងទំនិញ ត្រូវបានរឹតបន្តឹងយ៉ាងធ្ងន់ធ្ងរ។
របាយការណ៍របស់អង្គការ UNDP បានព្រមានថា បន្ថែមពីលើការប្រយុទ្ធគ្នាដ៏ខ្លាំងក្លានេះ ប្រជាជននៅរដ្ឋរ៉ាឃីន កំពុងប្រឈមមុខនឹង «ការបាត់បង់នៃប្រាក់ចំណូល អតិផរណាខ្ពស់ (និង) កាត់បន្ថយផលិតកម្មស្បៀងក្នុងស្រុកយ៉ាងច្រើន»។
ប្រទេសមីយ៉ាន់ម៉ា បានទទួលរងនូវជម្លោះរវាងយោធា និងក្រុមប្រដាប់អាវុធជាច្រើនដែលប្រឆាំងនឹងការគ្រប់គ្រងរបស់ខ្លួន ចាប់តាំងពីរបបយោធាដែលកំពុងកាន់អំណាច បានទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុង សានស៊ូជី (Aung San Suu Kyi) កាលពីខែកុម្ភៈ ឆ្នាំ ២០២១។
ការប៉ះទង្គិចគ្នា បានធ្វើឲ្យកក្រើកភាគខាងលិចរដ្ឋរ៉ាឃីន ចាប់តាំងពីកងទ័ពអារ៉ាកាន (AA) បានវាយប្រហារកងកម្លាំងសន្តិសុខ ក្នុងខែវិច្ឆិកា ឆ្នាំ ២០២៣ ដោយបញ្ចប់បទឈប់បាញ់ ដែលបានធ្វើឡើងយ៉ាងទូលំទូលាយ ចាប់តាំងពីរដ្ឋប្រហារឆ្នាំ ២០២១ របស់រដ្ឋាភិបាលយោធា។