ក្រុមហ៊ួទីនៅក្នុងប្រទេសយេម៉ែន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងបន្តប្រតិបត្តិការយោធារបស់ខ្លួន នៅក្នុងសមុទ្រក្រហម ដើម្បីគាំទ្រប៉ាឡេស្ទីនដោយមិនគិតពីការផ្លាស់ប្តូរគោលនយោបាយដែលមានសក្តានុពល បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក។

លោក អាប់ឌុល ម៉ាលីក អាល់ហ៊ួទី ( Abdul-Malik al-Houthi) ដែលជាមេដឹកនាំក្រុមហ៊ួទី បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍នៅលើប៉ុស្តិ៍ទូរទស្សន៍ al-Masirah ថា៖«ប្រតិបត្តិការយោធារបស់យើងនឹងបន្តកំណត់គោលដៅលើនាវាដែលមានទំនាក់ទំនងទៅនឹងផលប្រយោជន៍របស់អ៊ីស្រាអែល សហរដ្ឋអាមេរិក និងអង់គ្លេស»។

លោក អាល់ហ៊ួទី បានបញ្ជាក់ថា ទាំងការផ្លាស់ប្តូរការដឹកនាំរបស់សហរដ្ឋអាមេរិក ឬសម្ពាធយោធា នឹងមិនអាចផ្លាស់ប្តូរជំហររបស់ក្រុមហ៊ួទីលើបញ្ហាប៉ាឡេស្ទីន ដោយអំពាវនាវឲ្យសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន «បញ្ចប់ការឈ្លានពាន និងការឡោមព័ទ្ធលើតំបន់ហ្កាហ្សា»។
ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២៣ មក ក្រុមហ៊ួទី បាននិងកំពុងធ្វើការវាយប្រហារដោយមីស៊ីល និងយាន ដ្រូនលើអ្វីដែលខ្លួន បាននិយាយថា នាវា«មានទំនាក់ទំនងជាមួយអ៊ីស្រាអែល» នៅក្នុងដែនទឹក ក្នុងតំបន់ និងហួសពីនេះ ក៏ដូចជាគោលដៅក្នុងប្រទេសអ៊ីស្រាអែល ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយប៉ាឡេស្ទីន ចំពេលមានជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន បានផ្ទុះឡើង កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣។
ជាការឆ្លើយតប សម្ព័ន្ធកងទ័ពជើងទឹកអាមេរិក-អង់គ្លេស ដែលឈរជើងក្នុងតំបន់នេះ ចាប់តាំងពីខែមករា បានធ្វើការវាយឆ្មក់តាមអាកាសយ៉ាងទៀងទាត់ និងការវាយប្រហារដោយមីស៊ីល ប្រឆាំងនឹងគោលដៅរបស់ក្រុមហ៊ួទី ដើម្បីរារាំងក្រុមនេះ។