ទីភ្នាក់ងារសារព័ត៌មាន TASS បានរាយការណ៍ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃព្រហស្បតិ៍ បានលើកឡើងពីលទ្ធភាពរបស់រុស្ស៊ី និងកូរ៉េខាងជើង ធ្វើសមយុទ្ធយោធារួមគ្នា ស្របពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីកិច្ចសហប្រតិបត្តិការយោធាកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ។

លោក ពូទីន បានធ្វើការអត្ថាធិប្បាយនេះ ដោយលើកឡើងពីសន្ធិសញ្ញា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»ដែលលោកបានចុះហត្ថលេខាជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ទីក្រុងព្យុងយ៉ាង កាលពីខែមិថុនា។ សន្ធិសញ្ញានេះ រួមបញ្ចូលទាំងលក្ខខណ្ឌ ការពារគ្នាទៅវិញទៅមក ជាអ្វីដែលត្រូវបានគេមើលឃើញថា ជាការស្តារឡើងវិញនូវសម្ព័ន្ធភាពយោធាសម័យសង្រ្គាមត្រជាក់របស់ប្រទេសទាំងពីរ។

បន្ទាប់ពីការចុះហត្ថលេខាលើសន្ធិសញ្ញានេះ ភាពជាដៃគូយោធារបស់ប្រទេសទាំងពីរ បានកើនឡើងដល់កម្រិតខ្ពស់ថ្មីមួយ។ ប្រសិនបើសម្រេចបាន សមយុទ្ធយោធារួមគ្នារវាងកូរ៉េខាងជើង និងរុស្ស៊ី នឹងបង្ហាញឲ្យ ឃើញកាន់តែស៊ីជម្រៅថែមទៀតនៃភាពជាដៃគូរបស់ប្រទេសទាំងពីរ។
សហរដ្ឋអាមេរិក បានអះអាងថា ទាហានកូរ៉េខាងជើងប្រមាណ ១០.០០០នាក់ ត្រូវបានបញ្ជូនទៅកាន់តំបន់ឃើស (Kursk) ជួរមុខភាគខាងលិចរបស់រុស្ស៊ី ជាមួយនឹងលទ្ធភាពនៃការចូលរួមក្នុងការប្រយុទ្ធ ប្រឆាំងនឹងកងកម្លាំងអ៊ុយក្រែន។