តំណាងជាន់ខ្ពស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ លោក ចូសិប បូរ៉ែល (Josep Borrell) កាលពីថ្ងៃព្រហស្បតិ៍ បានថ្កោលទោសការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើទីក្រុង Bekaa, Baalbek, Nasriya របស់ប្រទេសលីបង់ និងតំបន់ក្បែរអាកាសយានដ្ឋាន Beirut ដោយសម្តែងការខកចិត្តចំពោះការវាយប្រហារនេះ។
លោក បូរ៉ែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា៖« យើងសូមអំពាវនាវជាថ្មីឲ្យមានបទឈប់បាញ់ជាបន្ទាន់ និងការអនុវត្តដោយស្មើភាពគ្នានូវសេចក្តីសម្រេចលេខ ១៧០១ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSCR)»។
ដោយយោងទៅសេចក្តីសម្រេចលេខ ១៧០១ របស់ក្រុមប្រឹក្សាសន្តិសុខUN ដែលបានស្វែងរកដំណោះស្រាយសង្គ្រាមលីបង់ឆ្នាំ ២០០៦ លោក បូរ៉ែល បានអំពាវនាវឲ្យបញ្ឈប់អរិភាពរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា។
ទីភ្នាក់ងារសារព័ត៌មានជាតិរបស់ប្រទេសលីបង់ និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា នៅពេលដែលអ៊ីស្រាអែល បន្តការវាយប្រហារតាមផ្លូវអាកាសលើប្រទេសលីបង់ មនុស្ស៥៥នាក់ បានស្លាប់ និង ៥០នាក់ផ្សេងទៀត រងរបួស នៅក្នុងការវាយប្រហារតាមអាកាសចំនួន ៣៣លើក ដែលកំណត់គោលដៅទៅលើទីប្រជុំជន និងភូមិក្នុងតំបន់ Bekaa និង Baalbek ភាគខាងកើតប្រទេសលីបង់កាលពីថ្ងៃពុធ។
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ លោក បូរ៉ែល បានអបអរសាទរចំពោះលោក Gideon Saar ដែលបានចូលកាន់តំណែងជារដ្ឋមន្ត្រីការបរទេសថ្មីរបស់អ៊ីស្រាអែល ដោយបន្តពីលោក Israel Katz ដែលបានផ្លាស់ប្តូរទៅកាន់តំណែង ជារដ្ឋមន្ត្រីការពារជាតិ។

