ភ្នំពេញ ៖ ក្នុងរយៈពេលមួយសប្តាហ៍ គណៈគម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថា គ.ជ.ប បានចុះឈ្មោះពលរដ្ឋជិត៨ម៉ឺននាក់ បញ្ចូលក្នុងបញ្ចីបោះឆ្នោតថ្មីរបស់គ.ជ.ប។
មានប្រសាសន៍ប្រាប់BTV តាមបណ្តាញទំនាក់ទំនងតេឡេក្រោម នៅថ្ងៃទី១៩ខែតុលានេះ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប បានឱ្យដឹងថា គិតត្រឹមរយៈពេលមួយសប្តាហ៍ ចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៨ ខែតុលាម្សិលមិញ ពលរដ្ឋជិត៨ម៉ឺននាក់ បានអញ្ជើញមកចុះឈ្មោះបោះឆ្នោតថ្មី។
ក្រៅពីនេះ ឯកឧត្តម បន្តអំពាវនាវដល់ប្រជាពលរដ្ឋមានអាយុពី១៨ឆ្នាំឡើងទៅ ដែលមិនទាន់មានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមរួសរាន់ទៅចុះគ្រប់ៗគ្នា ហើយពេលទៅចុះឈ្មោះនោះ ត្រូវគោរពវិធានការ៣កុំ ៣ការពារ កុំឱ្យឆ្លងជំងឺកូវីដ-១៩។
សម្រាប់ឆ្នាំ២០២១នេះ គ.ជ.ប ចាប់ផ្តើមពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។ ដំណើរនេះ នឹងធ្វើឡើងរៀងរាល់ថ្ងៃ រួមទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ៧ ៖ ០០នាទី ដល់ម៉ោង១១៖៣០នាទីព្រឹក និងពេលរសៀលចាប់ពីម៉ោង ២ ៖ ០០នាទី ដល់ម៉ោង ៥៖៣០នាទី នៅតាមសាលាឃុំ-សង្កាត់ និងទីតាំងមួយចំនួនទៀតក្នុងឃុំ-សង្កាត់។
ដើម្បីចុះឈ្មោះបោះឆ្នោតបាន ប្រជាពលរដ្ឋមានសញ្ជាតិកម្ពុជាទាំងពីរភេទ ត្រូវមានអាយុយ៉ាងតិចពី១៨ឆ្នាំឡើងទៅ និងមានឯកសាព័ន្ធផ្សេងៗមួយចំនួនទៀត។
សម្រាប់ដំណើការការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណិត្តទី៥ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២៕
អត្ថបទ ៖ ទូច សោភ័ណ