ប្រទេសបារាំងបានថ្កោលទោសការឃុំខ្លួនមួយភ្លែត ចំពោះសមាជិកស្ថានកុងស៊ុល ២នាក់ បន្ទាប់ពីទីក្រុងប៉ារីសបាននិយាយថា នគរបាលអ៊ីស្រាអែលបានសម្រុកចូលទៅក្នុងកន្លែងពិសិដ្ឋដែលគ្រប់គ្រងដោយបារាំង ក្នុងទីក្រុងហ្សេរុយសាឡឹម ដោយនេះជាជម្លោះការទូតចុងក្រោយបង្អស់ នៅក្នុងហេតុការណ៍ជាបន្តបន្ទាប់ដែលបានធ្វើឲ្យទំនាក់ទំនង រវាងប្រទេសទាំង២ កាន់តែធ្លាក់ចុះ។
រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot បានគ្រោងនឹងធ្វើដំណើរទៅព្រះវិហារ Eleona គ្រប់គ្រងដោយបារាំង កាលពីថ្ងៃព្រហស្បតិ៍ (ទី៧ ខែវិច្ឆិកា) នៅពេលដែលឧប្បត្តិហេតុនោះបានកើតឡើង។
ក្រសួងការបរទេសបារាំងបាននិយាយថា មន្ត្រីប្រដាប់អាវុធអ៊ីស្រាអែល បានចូលទៅក្នុងទីតាំងនោះដោយគ្មានការអនុញ្ញាត ដោយបានចាប់ខ្លួនបុគ្គលិកស្ថានកុងស៊ុលទាំង ២នាក់ «បើទោះបើពួកគេជាមន្ត្រីមានឋានៈការទូត» និងជំរុញឲ្យលោក Barrot លុបចោលដំណើរទស្សនកិច្ចរបស់លោកវិញ។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសបារាំង បានឲ្យដឹងថា បុគ្គលិកទាំងនោះក្រោយមកត្រូវបានដោះលែងវិញ បន្ទាប់ពីមានការអន្តរាគមន៍ពីរដ្ឋមន្ត្រី។ នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ ក្រសួងការបរទេសរបស់អ៊ីស្រាអែល បានលើកឡើងថា ការឈ្លោះប្រកែកគ្នាបានកើតឡើង រវាងកងកម្លាំងសន្តិសុខអ៊ីស្រាអែល និងឆ្មាំសន្តិសុខបារាំង ២នាក់ «ដែលមិនព្រមបង្ហាញអត្តសញ្ញាណខ្លួនឯង»។
គួរបញ្ជាក់ថា ទំនាក់ទំនង រវាងអ៊ីស្រាអែល និងបារាំង ក៏ដូចជាបណ្តាប្រទេសអ៊ឺរ៉ុបផ្សេងទៀត ដែលដំបូងឡើយមានភាពតានតឹង ពាក់ព័ន្ធនឹងតំបន់ហ្កាហ្សា មានសភាពកាន់តែធ្ងន់ធ្ងរឡើងៗ ចាប់តាំងពីមានប្រតិបត្តិការជើងគោករបស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ នៅភាគខាងត្បូងប្រទេសលីបង់៕


