រដ្ឋបាលរបស់លោក Joe Biden នឹងធ្វើការជំរុញចុងក្រោយ ដើម្បីឲ្យមានកិច្ចព្រមព្រៀងដែលពិបាកនឹងកើតឡើង ក្នុងគោលបំណងបញ្ចប់សង្រ្គាម នៅតំបន់ហ្កាហ្សា និងប្រទេសលីបង់ ប៉ុន្តែការបោះឆ្នោតជ្រើសរើសលោក Donald Trump អាចនឹងធ្វើឲ្យទីក្រុងវ៉ាស៊ីនតោនមិនមានឥទ្ធិពលគ្រប់គ្រាន់ ក្នុងការផ្លាស់ប្ដូរអ៊ីស្រាអែល និងតួអង្គផ្សេងទៀត ក្នុងតំបន់ឲ្យព្រមស្របតាមឆន្ទៈរបស់ខ្លួននោះឡើយ មុនពេលរូបលោកក្លាយជាប្រធានាធិបតី។
បណ្ដាមន្ត្រីជាន់ខ្ពស់អាមេរិក ដែលបានចំណាយពេលជាច្រើនខែឆ្លងកាត់តំបន់មជ្ឈិមបូព៌ា ដើម្បីរៀបចំកិច្ចចរចាសន្តិភាព ឥឡូវនេះ ទំនងជាប្រឈមនឹងសមភាគីដែលស្ទាក់ស្ទើរ ក្នុងការចាត់វិធានការធំៗ ដោយជំនួសវិញ ចង់រង់ចាំការចូលកាន់តំណែងរបស់លោក Trump ក្នុងខែមករាសិន។ នេះបើយោងតាមប្រភពដែលដឹងពីបញ្ហានេះ និងអ្នកវិភាគឯករាជ្យ។
គួរបញ្ជាក់ថា លោក Trump បានសន្យាថា នឹងនាំឲ្យមានសន្តិភាពដល់តំបន់មជ្ឈិមបូព៌ា ប៉ុន្តែមិនបាននិយាយពីរបៀបថា តើត្រូវធ្វើដោយវិធីសាស្ត្រណានោះទេ។ តែទោះជាយ៉ាងណាក្ដី ប្រសិនបើអាណត្តិដំបូងរបស់លោក គឺជាការចង្អុលបង្ហាញណាមួយ លោកទំនងជានឹងបន្តវិធីសាស្រ្តគាំទ្រអ៊ីស្រាអែលយ៉ាងខ្លាំងក្លា សូម្បីតែអាចលើសពីការគាំទ្រដ៏រឹងមាំ ដែលប្រធានាធិបតី លោក Biden ផ្ដល់ដល់សម្ព័ន្ធមិត្តក្នុងតំបន់ធំជាងគេរបស់ទីក្រុងវ៉ាស៊ីនតោនមួយនេះ។
ដោយលោក Biden ឥឡូវនេះ ប្រៀបដូចជាបុគ្គលបរាជ័យមួយរូបនោះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់លោក Trump និងបណ្ដាមេដឹកនាំអារ៉ាប់ទំនងជានឹងបង្ហាញការប្រឹងប្រែងតិចតួច ដើម្បីជួយដល់លោកប្រធានាធិបតីខាងបក្សប្រជាធិបតេយ្យរូបនេះ ហើយអាចនឹងរង់ចាំមើលអ្នកស្នងតំណែងរបស់លោកខាងគណបក្សសាធារណរដ្ឋ ដែលគោលនយោបាយការបរទេសមិនសូវប្រាកដប្រជាអាណត្តិទី១ របស់លោក បន្តមានឥទ្ធិពលលើតំបន់៕

