មន្ត្រីរដ្ឋបាលទីក្រុង Jeju បានប្រាប់ឲ្យដឹងថា មានអ្នកស្លាប់យ៉ាងតិច ២នាក់ ហើយ ១២នាក់ទៀត កំពុងបាត់ខ្លួន បន្ទាប់ពីទូកនេសាទមួយគ្រឿង បានលិច នៅថ្ងៃសុក្រ (ទី៨ ខែវិច្ឆិកា) នេះ នៅម្ដុំដែនទឹកនៃកោះ Jeju របស់ប្រទេសកូរ៉េខាងត្បូង។
មន្ត្រីបាននិយាយថា អាជ្ញាធរបានបាត់ដានទូកនោះពីទីក្រុងកំពង់ផែប៊ូសានរបស់កូរ៉េខាងត្បូង នាពេលព្រឹកព្រលឹម។ មន្ត្រីបានបន្ថែមថា នាវានេះបានដឹកមនុស្ស ២៧នាក់ ហើយជនជាតិបរទេស ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានជួយសង្គ្រោះ ដោយបន្ថែមថា អ្នកស្លាប់ ២នាក់នោះ ជាជនជាតិកូរ៉េខាងត្បូង។
ទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍ថា ឆ្មាំល្បាតឆ្នេរកូរ៉េខាងត្បូង បានទទួលការហៅទូរសព្ទប្រាប់ពីគ្រោះថ្នាក់ នៅវេលាម៉ោង ៤:៣៣នាទីព្រឹក ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ១៩:៣៣ ម៉ោងសកលថ្ងៃទី៧ ខែវិច្ឆិកា) ដែលស្ថិតនៅចម្ងាយ ២៤គីឡូម៉ែត្រពីកោះមួយ ម្ដុំឆ្នេរកោះ Jeju។
ការិយាល័យរបស់លោកប្រធានាធិបតីកូរ៉េខាងត្បូង បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា លោក Yoon Suk Yeol បានបញ្ជាឲ្យដាក់ពង្រាយធនធានដែលមានទាំងអស់ ដើម្បីធ្វើប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ៕



