ប្រទេសម៉ាឡេស៊ី នៅថ្ងៃសុក្រ (ទី៨ ខែវិច្ឆិកា) នេះ បាននិយាយថា កងរក្សាសន្តិភាពរបស់ខ្លួនចំនួន ៦នាក់ដែលបម្រើការនៅក្រោមឆ័ត្រអង្គការសហប្រជាជាតិ (UN) បានរងរបួសក្នុងការផ្ទុះ នៅប្រទេសលីបង់ ។
ក្រសួងការពារជាតិបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយភ្លាមៗបន្ទាប់ពីពាក់កណ្តាលអធ្រាត្រថា ការផ្ទុះបានមានកាលពីថ្ងៃព្រហស្បតិ៍ (ទី៧ ខែវិច្ឆិកា) នៅជិតកីឡដ្ឋាន Saida ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតអំពីមូលហេតុអ្វីដែលបណ្តាលឲ្យមានការផ្ទុះនោះទេ។
ចំណែក UN បាននិយាយថា កងរក្សាសន្តិភាពម៉ាឡេស៊ី ៥នាក់ ស្ថិតក្នុងចំណោមអ្នករងរបួស ដោយសារការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅប្រទេសលីបង់ភាគខាងត្បូង កាលពីថ្ងៃទី៧ ខែវិច្ឆិកា ជាវាយឆ្មក់មួយដែលបានសម្លាប់ជនស៊ីវិល ៣នាក់ផងដែរ។
គួរបញ្ជាក់ថា អ៊ីស្រាអែលបានបើកការវាយប្រហារយ៉ាងសន្ធាប់ បន្ទាប់ពីក្រុមហេសបូឡារបស់លីបង់ បាននិយាយថា ខ្លួនបានធ្វើការវាយប្រហារដោយមីស៊ីលសំដៅលើមូលដ្ឋានយោធាមួយ នៅជិតអាកាសយានដ្ឋានអន្តរជាតិ Ben Gurion របស់អ៊ីស្រាអែល កាលពីថ្ងៃទី៦ ខែវិច្ឆិកា៕

