បណ្ដាមន្ត្រីហូឡង់ និងអ៊ីស្រាអែល បានថ្កោលទោសការវាយប្រហារជាបន្តបន្ទាប់លើអ្នកគាំទ្របាល់ទាត់ ដែលជាពលរដ្ឋអ៊ីស្រាអែល នៅទីក្រុង Amsterdam ពេញមួយយប់។
អ្នកគាំទ្ររបស់ក្រុម Maccabi Tel Aviv (Maccabi) ត្រូវបានវាយប្រហារ នៅក្នុងរដ្ឋធានីរបស់ប្រទេសហូឡង់ ខណៈដែលក្រុមរបស់ពួកគេ ស្ថិតនៅក្នុងទីក្រុងនេះ សម្រាប់ការប្រកួតកម្មវិធី Europa League ទល់នឹងក្រុមម្ចាស់ផ្ទះ Ajax។ នគរបាលនៅទីក្រុង Amsterdam បានចាប់ខ្លួនមនុស្សយ៉ាងហោចណាស់ ៥៧នាក់។
រូបភាពវីដេអូដែលផ្សព្វផ្សាយនៅលើបណ្ដាញសង្គមបង្ហាញឲ្យឃើញពីការវាយប្រហាយ៉ាងហិង្សាជាបន្តបន្ទាប់ លើជនជាតិអ៊ីស្រាអែល នៅតាមដងផ្លូវ ក៏ដូចជាក្រុមមនុស្សសម្រុកចូលទៅក្នុងសណ្ឋាគារដែលទំនងជាស្វែងរកអ្នកគាំទ្ររបស់ក្រុម Maccabi។
បញ្ហាបានកើតមានរួចហើយ នៅមុនការប្រកួតដែលពាក់ព័ន្ធនឹងអ្នកគាំទ្ររបស់ Maccabi និងបាតុករគាំទ្រប៉ាឡេស្ទីន ដោយមានរបាយការណ៍ថា អ្នកគាំទ្របានដុតកាំជ្រួច និងហែកទង់ជាតិប៉ាឡេស្ទីន នៅតាមផ្លូវក្បែរនោះ។
នាយករដ្ឋមន្ត្រីហូឡង់ លោក Dick Schoof បានថ្កោលទោស «ការវាយប្រហាររបស់អ្នកប្រឆាំងជនជាតិជ្វីហ្វ» នេះ ខណៈដែលនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា "«យន្តហោះសង្គ្រោះ» ចំនួន ២គ្រឿង កំពុងត្រូវបានបញ្ជូនទៅទីក្រុង Amsterdam ដើម្បីដឹកអ្នកគាំទ្រដែលរងគ្រោះដោយអំពើហិង្សានេះ៕



