ភ្លើងឆេះព្រៃ បានឆាបឆេះឧទ្យានជាតិ Madidi របស់ប្រទេសបូលីវី ដែលត្រូវបានគេចាត់ទុកថាជាតំបន់មួយក្នុងចំណោមតំបន់មានជីវចម្រុះច្រើនបំផុតរបស់ពិភពលោក ។
យោងតាមការអះអាងរបស់សមាគមអនុរក្សឧទ្យានបូលីវី បានឲ្យដឹងថា ដីព្រៃប្រហែល ៣ម៉ឺនហិចតា ត្រូវបានលេបត្របាក់ដោយភ្លើងឆេះព្រៃ ក្នុងនោះវាលស្មៅ ឬវាលទំនាបមានជីជាតិប្រហែល ១៥.០០០ហិចតា រងផលប៉ះពាល់ធ្ងន់ធ្ងរ ។
លោក Radamir Sevillanos គឺជាអនុរក្សឧទ្យានជាតិ Madidi រៀបរាប់ថា ពួកយើងបានហោះហើររយៈពេលប្រហែល ៣០នាទី ហើយពួកយើងមិនអាចដល់ចុងប៉ូចនៃភ្លើងឆេះព្រៃបានឡើយនៅតំបន់វាលទំនាបរបស់ឧទ្យាន ។
នៅទីក្រុង La Paz សកម្មជនបរិស្ថានម្នាក់ បានចាប់ផ្តើមកូដកម្មបង្អត់អាហារខ្លួនឯង នៅមុខក្រសួងការពារជាតិបូលីវី ដើម្បីទាមទារឲ្យមានវិធានការបញ្ឈប់ភ្លើងឆេះព្រៃ ។
ឧទ្យាន Madidi ត្រូវបានគេចាត់ទុកថាស្ថិតក្នុងចំណោមតំបន់មានជីវចម្រុះច្រើនបំផុតរបស់ពិភពលោកដោយអង្គការជាច្រើន រួមទាំងអង្គការសង្គមអភិរក្សសត្វព្រៃអន្តរជាតិ ។
ឧទ្យានមួយនេះ គឺជាជម្រកដ៏ស្តុកស្តមរបស់សត្វព្រៃ រួមទាំងសត្វស្លាបជាង ១.២០០ប្រភេទ ថនិកសត្វ ២៧៩ប្រភេទ ហើយនិង សត្វត្រី ថលជលិក និងល្មូនរាប់រយប្រភេទផ្សេងទៀត ៕


