បើតាមអាជ្ញាធរ នៅថ្ងៃសុក្រ(ទី៨ ខែវិច្ឆិកា) នេះ បានឲ្យដឹងថា ខេត្តដែលមានប្រជាជនច្រើនជាងគេបំផុត គឺ Punjab របស់ប្រទេសប៉ាគីស្ថាន បានបញ្ជាឲ្យបិទកន្លែងសាធារណៈ នៅក្នុងទីក្រុងធំៗ ដែលរងផលប៉ះពាល់ដោយផ្សែងអ័ព្ទ ខណៈដែលប្រទេសនេះបានប្រឹងប្រែងប្រយុទ្ធនឹងបរិយាកាសកខ្វក់។
ការចូលទៅកាន់សួនសាធារណៈ សួនសត្វ សួនកុមារ វិមានប្រវត្តិសាស្ត្រ សារមន្ទីរ និងកន្លែងកម្សាន្តជាច្រើនទៀត នឹងត្រូវបានហាមឃាត់ រហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា ដោយសារគុណភាពខ្យល់បិយាកាសមិនល្អ។ នេះបើយោងតាមសារាចរណែនាំរបស់រដ្ឋបាល ក្នុងតំបន់ ដែលសារព័ត៌មាន AFP បានឃើញ។
កំហាប់នៃភាគល្អិតតូចៗ (PM2.5) នៅក្នុងខ្យល់របស់ទីក្រុង Lahore គឺមានកម្រិត ២០ដង ខ្ពស់ជាងកម្រិតដែលអង្គការសុខភាពពិភពលោក (WHO) ចាត់ទុកថា អាចទទួលយកបាន សម្រាប់សុខភាព។ នៅទីក្រុង Multan ភាគល្អិតនេះ កើនឡើងដល់ ៤៨ដងខ្ពស់ជាងកម្រិតកាលពីថ្ងៃទី៨ ខែវិច្ឆិកា។
គួបញ្ជាក់ថា បើយោងតាមទិន្នន័យពីក្រុមហ៊ុនវាយតម្លៃគុណភាពខ្យល់បរិយាកាស IQAir របស់ប្រទេសស្វីស បានឲ្យដឹងថា អ្នកស្រុក Punjab បានជួបប្រទះនឹងផ្សែងអ័ព្ទដ៏ក្រាស់ឃ្មឹកអស់រយៈពេលជាង ១សប្តាហ៍មកហើយ ចាប់តាំងពីសន្ទស្សន៍គុណភាពខ្យល់ (AQI) ដែលវាស់វែងកម្រិតនៃការបង្កកខ្វក់ បានកើនឡើងលើសពី ១.០០០ ពោលគឺលើសយ៉ាងច្រើនពីកម្រិត ៣០០ ដែលត្រូវបានចាត់ទុកថា ជា «កម្រិតគ្រោះថ្នាក់»។ សាលារៀននៅក្នុងទីក្រុងធំៗមួយចំនួនរបស់ខេត្ត Punjab ត្រូវបានបញ្ជាឲ្យបិទពីថ្ងៃទី៥ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា៕


