នៅថ្ងៃសុក្រនេះ នាវាកងទ័ពជើងទឹកអ៊ីតាលីដឹកជនអន្តោប្រវេសន៍ បានចូលចតនៅកំពង់ផែប្រទេសអាល់បានី នៅក្នុងការប៉ុនប៉ងមួយរបស់ទីក្រុងរ៉ូម ដើម្បីសង្រ្គោះផែនការដំណើរការក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោន បន្ទាប់ពីការប៉ុនប៉ងលើកដំបូង ជួបរនាំងផ្លូវច្បាប់ ។
យោធាអ៊ីតាលី ពុំបាននិយាយថាតើក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោនទាំងអស់នេះ មកពីប្រទេសណានោះទេ ។
អ៊ីតាលី បានសាងសង់មជ្ឈមណ្ឌលទទួលជនអន្តោប្រវេសន៍ ២កន្លែងនៅប្រទេសអាល់បានី ។ វាគឺជាគម្រោងដំបូងរបស់ប្រទេសនៅសហភាពអឺរ៉ុប(EU)មួយនេះ ដើម្បីបង្វែរជនអន្តោប្រវេសន៍ទៅកាន់ប្រទេសមិនមែនជា EU ក្នុងកិច្ចខិតខំដើម្បីរារាំងក្រុមស្វែងរកសិទ្ធិជ្រកកោន ។
កាលពីខែមុន ពួកគេបានបញ្ជូនជនអន្តោប្រវេសន៍ ១៦នាក់ ទៅកាន់ប្រទេសអាល់បានី ប៉ុន្តែជនអន្តោប្រវេសន៍ទាំងអស់នោះ ត្រូវបាននាំត្រឡប់ទៅកាន់អ៊ីតាលីវិញក្នុងរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយតុលាការក្រុងរ៉ូម សម្រេចថា ពួកគេមិនអាចទុកនៅប្រទេសតំបន់បាល់កង់មួយនេះបានឡើយ ដោយសារក្តីកង្វល់ពីស្ថានការស្របច្បាប់របស់ពួកគេ ។
រដ្ឋាភិបាលអឺរ៉ុប បានរឹតបន្តឹងព្រំដែនរបស់ពួកគេ ហើយនិងបានបង្កើនការគ្រប់គ្រងតឹងរឹងជាងមុន ស្របពេលការធ្វើអន្តោប្រវេសន៍ ក្លាយជាប្រធានបទដ៏រសើបខ្លាំងនៅក្នុងប្លុកមានសមាជិក ២៧រដ្ឋមួយនេះ ៕


