ក្រសួងការពារជាតិទីក្រុងសេអ៊ូល បានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង និងជប៉ុន នៅថ្ងៃសុក្រនេះ បានថ្កោលទោសកិច្ចសហប្រតិបត្តិការយោធាដ៏ស៊ីជម្រៅរបស់កូរ៉េខាងជើង និងរុស្ស៊ី ហើយបានពិភាក្សាគ្នាអំពីវិធី ដើម្បីរួមគ្នាឆ្លើយតបទៅនឹងកិច្ចសហប្រតិបត្តិការនេះ។
ក្រសួងបាននិយាយថា នៅក្នុងកិច្ចចរចាដែលធ្វើឡើងនៅទីក្រុងសេអ៊ូល អនុរដ្ឋមន្ត្រីការពារជាតិ លោក Kim Seon-ho និងសមភាគីជប៉ុនរបស់ខ្លួន គឺលោក Koichiro Nakajima បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការយោធារបស់ទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូ ហើយបានយល់ព្រមធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ ដើម្បីទប់ស្កាត់កិច្ចសហប្រតិបត្តិការរបស់ពួកគេ។
ភាគីទាំងពីរ បានឯកភាពគ្នាថា កិច្ចសហប្រតិបត្តិការសន្តិសុខរវាងកូរ៉េខាងត្បូង និងជប៉ុន ក៏ដូចជាកិច្ចសហប្រតិបត្តិការត្រីភាគីដែលពាក់ព័ន្ធនឹងសហរដ្ឋអាមេរិកផងដែរ គឺ «សំខាន់ជាងពេលណាៗទាំងអស់" នៅពេលដែលកូរ៉េខាងជើង បានបង្កើនកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួននោះ។
កិច្ចប្រជុំនេះ បានធ្វើឡើង បន្ទាប់ពីការបញ្ជាក់របស់សហរដ្ឋអាមេរិកថា ទាហានកូរ៉េខាងជើងចំនួន ប្រមាណ ១០.000នាក់ ត្រូវបានបញ្ជូនទៅកាន់តំបន់ឃើស (Kursk)ជួរមុខភាគខាងលិចរបស់រុស្ស៊ី។ ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទីកអន្តរទ្វីបប្រភេទថ្មី កាលពីសប្តាហ៍មុន ដែលជាការបាញ់បង្ហោះជាលើកដំបូង ក្នុងរយៈពេលប្រហែលមួយឆ្នាំ។
