ក្រសួងមហាផ្ទៃអ៊ុយក្រែន និយាយនៅថ្ងៃសុក្រនេះថា មនុស្សម្នាក់ ត្រូវបានសម្លាប់ និងមនុស្ស ៩នាក់ផ្សេងទៀត រងរបួស នៅក្នុងការវាយប្រហារដោយយានដ្រូនរបស់រុស្ស៊ីលើតំបន់ Odesa ជាទីដែលហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងផ្ទះសម្បែងប្រជាពលរដ្ឋរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានចេញការអំពាវនាវជាថ្មីដល់ប្រទេសដៃគូទីក្រុងគីវ ឲ្យជួយពង្រឹងប្រព័ន្ធការពារដែនអាកាសរបស់ពួកគេ ។
រុស្ស៊ី បានបង្កើនការវាយប្រហារតាមច្រកអាកាសរបស់ពួកគេលើទីក្រុងតូច-ធំរបស់អ៊ុយក្រែន វាយប្រហារដោយយានដ្រូនស្ទើតែរាល់យប់ ។
ក្រុមមន្រ្តីអ៊ុយក្រែន និយាយថា រុស្ស៊ី កំពុងព្យាយាមកម្ទេចការការពារដែនអាកាសអ៊ុយក្រែន និងធ្វើឲ្យជនស៊ីលបាក់ទឹកចិត្ត ពេលដែលសង្រ្គាមជិតចូលដល់រយៈពេល ១ពាន់ថ្ងៃ ហើយទាហានទីក្រុងម៉ូស្គូ រុលចូលទៅមុខនៅតំបន់ភាគខាងកើតអ៊ុយក្រែន ។
យោធាអ៊ុយក្រែននិយាយថា នៅក្នុងខែតុលា រុស្ស៊ី បានបើកការវាយប្រហារដោយយានដ្រូនជាង ២ពាន់លើកលើគោលដៅស៊ីវិល និងយោធា ៕


