ប្រធានាធិបតីចិនលោក Xi Jinping បានជួបពិភាក្សាការងារជាមួយប្រធានាធិបតីអ៊ីតាលីលោក Sergio Mattarella នៅឯវិមានមហាសាលប្រជាជនស្ថិតក្នុងទីក្រុងប៉េកាំង នាថ្ងៃសុក្រនេះ ។
ទូរទស្សន៍រដ្ឋចិន CCTV រាយការណ៍ថា លោក Mattarella ស្ថិតក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ៦ថ្ងៃរបស់លោក នៅប្រទេសចិន ចាប់ពីថ្ងៃទី ៧ ខែវិច្ឆិកា រហូតដល់ថ្ងៃទី ១២ ខែវិច្ឆិកា ។
អំឡុងជំនួបជាមួយសមភាគីអ៊ីតាលីរបស់លោកនៅថ្ងៃសុក្រនេះ លោក Xiនិយាយថា ចិនត្រៀមខ្លួនរួចរាល់ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប ដើម្បីលើកឡើងការងារប្រឈមសកល ហើយលោកបានអំពាវនាវឲ្យអ៊ីតាលី ដើរតួវិជ្ជមានសម្រាប់បញ្ហាមួយនេះ ។
CCTV រាយការណ៍ថា លោក Xiនិយាយថា ភាគីទាំង ២ គួរតែគ្រប់គ្រងការខ្វែងគំនិតគ្នារបស់ពួកគេ អនុញ្ញាតឲ្យមានទំនាក់ទំនងចាស់ទុំ ប្រកបដោយស្ថិរភាពរវាងចិន និងសហភាពអឺរ៉ុប ។
សូមបញ្ជាក់ថា ឆ្នាំ ២០២៤នេះ គឺជាខួបលើកទី ២០នៃភាពជាដៃគូយុទ្ធសាស្រ្តសកលរវាងចិន និងអ៊ីតាលី ៕



