កាកបាទក្រហម បានប្រាប់សារព័ត៌មាន Reuters ថា ពិភពលោកបានរងគ្រោះដោយទឹកជំនន់ និងបំណាក់ដីយ៉ាងច្រើន នៅឆ្នាំ២០២៤ ដែលវាបានបង្កឲ្យមានការបង់ប្រាក់ធានារ៉ាប់រងគ្រោះមហន្តរាយដ៏ច្រើនជាលើកដំបូងរបស់វិស័យផ្ដល់ជំនួយមួយនេះ ដោយនេះបង្ហាញឲ្យឃើញពីសញ្ញា ទាំងពីទំហំនៃបញ្ហា និងតម្រូវការសម្រាប់ដំណោះស្រាយហិរញ្ញប្បទានថ្មី។
សហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (IFRC) បាននិយាយថា មូលនិធិធានារ៉ាប់រងសំណងបែបនេះ ដែលចាប់ផ្តើមនៅពេលដែលគ្រោះមហន្តរាយកើតមានម្តងហើយម្តងទៀតឈានដល់កម្រិតខាតបង់អប្បបរមា អាចការពារថវិកាសង្គ្រោះ ដែលកាន់តែជួបបញ្ហាខ្លាំងឡើងៗ ដោយសារគ្រោះថ្នាក់ដែលបណ្តាលមកពីអាកាសធាតុញឹកញាប់ និងធ្ងន់ធ្ងរឡើងៗ។
គោលនយោបាយរបស់ IFRC ជាមួយភ្នាក់ងារធានារ៉ាប់រង Aon គឺជាប្រភេទទី១ សម្រាប់វិស័យជំនួយ។ គោលនយោបាយនោះត្រូវបានចាប់ផ្ដើមឡើងនៅពាក់កណ្តាលខែកញ្ញា ដោយព្យុះទីហ្វុងអាស៊ី Yagi ដែលបានធ្វើឲ្យមានការចំណាយលើគ្រោះមហន្តរាយសរុបជាង ៣៣លានហ្វ្រង់ស្វីស (៣៧,៨៤លានដុល្លារ) ហើយមូលនិធិបានបញ្ចេញប្រាក់ច្រើនជាង ៧លានហ្វ្រង់ស្វីស។
ទីភ្នាក់ងារនេះ បានឲ្យដឹងថា ថវិកានេះបានជួយជនរងគ្រោះដោយគ្រោះមហន្តរាយចំនួន ១,៥លាននាក់នៅក្នុងប្រទេសក្រីក្របំផុត ក្នុងនោះរួមទាំងអ្នកដែលរងគ្រោះដោយទឹកជំនន់ នៅប្រទេសនីហ្សេរីយ៉ា ឬអ្នកដែលផ្លាស់ទីលំនៅដោយបំណាក់ដីរបស់ប្រទេសនេប៉ាល់ផងដែរ។
អង្គការនេះកំពុងស្វែងរកការរៃអង្គាសប្រាក់ជិត ១០០លានហ្វ្រង់ស្វីស សម្រាប់ថវិកាឆ្លើយតបគ្រោះមហន្តរាយឆ្នាំ២០២៥ របស់ខ្លួន នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃសុក្រ (ទី៨ ខែវិច្ឆិកា) នេះ ហើយនឹងស្នើសុំឲ្យម្ចាស់ជំនួយចូលវិភាគទាន ក្នុងបុព្វលាភធានារ៉ាប់រងផងដែរ៕


