ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បាននិយាយថា សម្ព័ន្ធមិត្តដែលមានមូលដ្ឋានលើនុយក្លេអ៊ែរ រវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នឹងវាយប្រហារភ្លាមៗ ប្រសិនបើកូរ៉េខាងជើងប៉ុនប៉ងវាយប្រហារដោយអាវុធនុយក្លេអ៊ែរ ប្រឆាំងនឹងកូរ៉េខាងត្បូង។ នេះបើយោងតាមបទសម្ភាសន៍មួយដែលបានចេញផ្សាយ នៅថ្ងៃសុក្រ (ទី៨ ខែវិច្ឆិកា) នេះ។
លោក Yoon បានធ្វើការកត់សម្គាល់បែបនេះ អំឡុងកិច្ចសម្ភាសន៍ជាមួយទស្សនាវដ្តីអាមេរិក Newsweek ដើម្បីដោះស្រាយក្ដីបារម្ភខ្លាំងឡើងៗ ជុំវិញការវិវត្តន៍នៃការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។
លោកបានប្រាប់ថា៖ «ខ្ញុំជឿថា វានឹងមិនសមហេតុផលនោះឡើយ ដែលពួកគេសម្រេចចិត្តធ្វើការវាយប្រហារដោយអាវុធនុយក្លេអ៊ែរ ប្រឆាំងនឹងកូរ៉េខាងត្បូង ហើយប្រសិនបើពួកគេធ្វើដូច្នេះ សម្ព័ន្ធមិត្តកូរ៉េ-អាមេរិកដែលមានមូលដ្ឋានលើនុយក្លេអ៊ែរ នឹងវាយប្រហារកូរ៉េខាងជើងភ្លាមៗ ជាមួយនឹងអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក»។
ជាមួយគ្នានេះ លោកក៏បានគូសបញ្ជាក់ផងដែរពីសមត្ថភាពការពារ និងវាយប្រហារកម្រិតខ្ពស់របស់កូរ៉េខាងត្បូងប្រឆាំងនឹងការវាយប្រហារដែលអាចកើតមានដោយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង៕