ក្រុមបាតុកររាប់ពាន់នាក់ បានមកប្រមូលផ្តុំគ្នានៅរដ្ឋធានី សាណា(Sanaa) របស់ប្រទេសយេម៉ែន កាលពីថ្ងៃសុក្រ ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយពលរដ្ឋប៉ាឡេស្ទីន និងក្រុមហេសបូឡានៅលីបង់ ដោយបង្ហាញពីការសង្ស័យការវិលត្រឡប់របស់លោក Donald Trump ទៅកាន់សេតវិមាន នឹងនាំមកនូវការកែប្រែគោលនយោបាយសំខាន់ៗណាមួយ។
បាតុកម្ម ដែលភាគច្រើនមានសមាសភាពមកពីអ្នកគាំទ្រក្រុមហ៊ូទី បានបញ្ជាក់ពីទិដ្ឋភាពទូទៅក្នុងចំណោមក្រុមបាតុករថា គោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកនៅតែមិនផ្លាស់ប្តូរ មិនថាអ្នកណាជាអ្នកកាន់តំណែងប្រធានាធិបតី នោះទេ។
លោក Abdul-Rahman al-Ahnoumi ប្រធានសាជីវកម្មទូរទស្សន៍ និងវិទ្យុរបស់ប្រទេសយេម៉ែន ដែលត្រូវបានតែងតាំងដោយក្រុមហ៊ូទី បាននិយាយថា លោក Trump នឹងមិនខុសគ្នាពីលោក Bidenនោះទេ ក្នុងការគាំទ្រអង្គភាពរបស់អ៊ីស្រាអែល។ ប្រធានាធិបតីសហរដ្ឋអាមេរិកទាំងអស់ ប្រកួតប្រជែងគ្នា ដើម្បីគាំទ្រអង្គភាពអ៊ីស្រាអែល។
អ្នករៀបចំការតវ៉ា លោក Adel Rajeh បានរៀបរាប់លម្អិតអំពីទស្សនៈនេះ ដោយចង្អុលបង្ហាញទៅរកលក្ខណៈស្ថាប័ននៃគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក។ លោកបាននិយាយថា «គោលនយោបាយរបស់អាមេរិក ត្រូវបានកំណត់ ហើយមិនកែប្រែនោះទេ មិនថាជាមួយ លោកTrump, លោកស្រី Harris, លោក Biden ឬនរណាផ្សេងទៀតឡើយ។ លោកបាននិយាយបន្ថែមថា ខណៈ បុគ្គលិកលក្ខណៈរបស់ លោក Trump អាចមានភាពលេចធ្លោជាងលោក Biden ប៉ុន្តែ គោលនយោបាយជាមូលដ្ឋាននឹងនៅតែមិនផ្លាស់ប្តូរ។