មីយ៉ាន់ម៉ា៖ ហ្វូងមនុស្សបានប្រមូលផ្ដុំគ្នាយ៉ាងច្រើនកកកុញ នៅច្រកពន្ធនាគារដ៏ល្បីល្បាញបំផុតរបស់សហភាពមីយ៉ាន់ម៉ាកាលពីយប់ថ្ងៃចន្ទ ខណៈការដោះលែងអ្នកទោសទូទាំងប្រទេសបានចាប់ផ្ដើម បន្ទាប់ពីការប្រកាសលើកលែងទោសពីសំណាក់មេដឹកនាំយោធារបស់ប្រទេសនេះ។ ក្រុមអតីតអ្នកទោសបានគ្រវីដៃចេញពីបង្អួចរថយន្តក្រុង នៅពេលពួកគេជិះចេញពីច្រកទ្វារពន្ធនាគារ Insein Prison ក្នុងទីក្រុងយ៉ាងហ្គោន ខណៈសមាជិកគ្រួសារជួបជុំគ្នាវិញបានយំឱបគ្នា។

សេចក្តីប្រកាសនេះបានកើតឡើងនៅមុនបន្តិច អំឡុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍របស់ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ដែលបានដឹកនាំការដណ្តើមអំណាចយោធាពីរដ្ឋាភិបាលជាប់ឆ្នោតកាលពីខែកុម្ភៈ។ ការលើកលែងទោសនេះបានផ្ដល់លើមនុស្សរាប់ពាន់នាក់ ដែលត្រូវបានចាប់ខ្លួនពីបទចូលរួមក្នុងសកម្មភាពប្រឆាំងរដ្ឋាភិបាល ដែលតវ៉ាប្រឆាំងនឹងការកាន់កាប់អំណាចនេះ។ អ្នកសារព័ត៌មាន តារាល្បីៗ និងអ្នកលេងបណ្ដាញសង្គមសកម្ម ស្ថិតក្នុងចំណោមអ្នកដែលទទួលបានអត្ថប្រយោជន៍ពីការលើកលែងទោសនេះ ប៉ុន្តែអ្នកទោសនយោបាយសំខាន់ៗដូចជាលោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំដែលត្រូវបានបណ្តេញចេញពីអំណាចនៅតែស្ថិតក្នុងការឃុំឃាំងដដែល។
ទូរទស្សន៍រដ្ឋបាននិយាយថា អ្នកទោសចំនួន ១.៣១៦នាក់ត្រូវបានដោះលែងពីពន្ធនាគារនៅទូទាំងប្រទេស ហើយការចោទប្រកាន់ប្រឆាំងនឹងមនុស្សចំនួន ៤.៣២០នាក់ផ្សេងទៀតត្រូវបានព្យួរ។ សមាគមជួយអ្នកទោសនយោបាយនិយាយថា យ៉ាងហោចណាស់មនុស្ស ៩.០៤៣នាក់ត្រូវបានចាប់ខ្លួនចាប់តាំងពីការដណ្ដើមអំណាចនេះ ហើយមនុស្ស ៧.៣៥៥នាក់កំពុងជាប់ឃុំនៅពេលការលើកលែងទោសត្រូវបានប្រកាស៕
អត្ថបទ៖ សុខមាន