ទីក្រុងអាំស្ទឺដាំ(Amsterdam) ប្រទេសហូឡង់ បានហាមឃាត់ការធ្វើបាតុកម្ម រយៈពេលបីថ្ងៃបន្ទាប់ពីក្រុមអ្នកគាំទ្របាល់ទាត់អ៊ីស្រាអែល ត្រូវបានវាយដំ និងធ្វើឲ្យរងរបួសនៅក្នុងការប៉ះទង្គិចគ្នាដ៏ហិង្សានៅទីក្រុង Amsterdam ដែលអាជ្ញាធរប្រទេសហូឡង់ បានថ្កោលទោសកាលពីថ្ងៃសុក្រថា ជាអ្នកប្រឆាំងជនជាតិជ្វីហ្វ។
នគរបាលប្រទេសហូឡង់ បាននិយាយថា ពួកគេបានបើកការស៊ើបអង្កេត លើឧបទ្ទវហេតុជាច្រើនបន្ទាប់ពីការប្រកួតបាល់ទាត់ Europa League កាលពីយប់ថ្ងៃព្រហស្បតិ៍រវាងក្រុម Maccabi Tel Aviv របស់អ៊ីស្រាអែល និងក្រុម Ajax របស់ប្រទេសហូឡង់។
អភិបាលក្រុង Amsterdam លោកស្រី Femke Halsema បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រថា ឧក្រិដ្ឋជននៅលើម៉ូតូ Scooter បានស្វែងរកនៅក្នុងទីក្រុងនេះនូវអ្នកគាំទ្រក្រុម Maccabi ក្នុងការវាយប្រហារហើយរត់។ លោកស្រីនិយាយថា នេះគឺជាពេលវេលាដ៏អាក្រក់មួយសម្រាប់ទីក្រុងរបស់យើង។ ខ្ញុំពិតជាអាម៉ាស់ជាខ្លាំងចំពោះអាកប្បកិរិយាដែលបានបង្ហាញកាលពីពេលយប់នោះ ។
អាជ្ញាធរទីក្រុង Amsterdam បាននិយាយកាលពីថ្ងៃសុក្រថា អ្នកគាំទ្របាល់ទាត់អ៊ីស្រាអែល ចំនួនប្រាំនាក់ដែលរងរបួស បានចេញពីមន្ទីរពេទ្យហើយ ហើយមនុស្សពី២០ទៅ៣០នាក់ផ្សេងទៀត រងរបួសស្រាល។ នគរបាលបាននិយាយថា មនុស្សសរុប ៦៣ នាក់ត្រូវបានចាប់ខ្លួន និង១០ នាក់កំពុងស្ថិតក្នុងការឃុំខ្លួន។
លោកស្រីអភិបាលក្រុង ក៏បានប្រកាសហាមឃាត់ «ការស្លៀកពាក់បិទបាំងមុខ» និង «កាន់វត្ថុអាចបង្កគ្រោះថ្នាក់នានា» ដែលអាចនាំឱ្យមានការរំខានដល់សណ្តាប់ធ្នាប់សាធារណៈ។