រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលដែលត្រូវបានបណ្តេញចេញពីតំណែង លោក យ៉ូអាវ ហ្កាលែន(Yoav Gallant) កំពុងដាក់សម្ពាធលើអ្នកដែលបានបណ្តេញលោកចេញ កាលពីប៉ុន្មានថ្ងៃមុន។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា លោកបានចោទប្រកាន់នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu ពីការរក្សាកងទ័ពនៅក្នុងតំបន់ហ្កាហ្សា ដោយគ្មានហេតុផល។
លោក Gallant បាននិយាយ បន្ទាប់ពីត្រូវបានដកចេញពីមុខតំណែងរបស់លោកជុំវិញការខ្វែងគំនិតជាមួយ លោក Netanyahu អំពីប្រតិបត្តិការយោធា។
ប្រព័ន្ធផ្សព្វផ្សាយជាច្រើនរបស់អ៊ីស្រាអែល បានដកស្រង់សម្តីលោក Gallant ក្នុងអំឡុងពេលលោកជួបជាមួយក្រុមគ្រួសាររបស់អ្នកដែលត្រូវបានចាប់ជាចំណាប់ខ្មាំងដោយក្រុមហាម៉ាស។
លោកបានប្រាប់ពួកគេថា គ្មានហេតុផលអ្វីដែលកិច្ចព្រមព្រៀងចំណាប់ខ្មាំងដើម្បីសន្តិភាព មិនអាចឈានដល់នោះទេ។
តាមសេចក្តីរាយការណ៍ លោកបាននិយាយថា «ពុំមានហេតុផលសន្តិសុខ» សម្រាប់កងកម្លាំងអ៊ីស្រាអែល បន្តនៅក្នុងតំបន់ភាគខាងត្បូងហ្កាហ្សា នៅជាប់ព្រំដែនប្រទេសអេហ្ស៊ីបឡើយ។
ការរិះគន់ កំពុងកើនឡើងប្រឆាំងនឹងវិធីសាស្រ្តប្រកាន់តឹងរបស់ លោក Netanyahu ចំពោះជម្លោះ ហើយការកត់សម្គាល់របស់ លោក Gallant អាចជំរុញឱ្យមានការអំពាវនាវបន្ថែមទៀតសម្រាប់កិច្ចព្រមព្រៀងសន្តិភាព។ ទោះជាយ៉ាងណា ទាហានអ៊ីស្រាអែល កំពុងបង្កើនការវាយលុករបស់ខ្លួននៅភាគខាងជើងតំបន់ហ្កាហ្សា។