មន្ត្រីនគរបាល បានប្រាប់សារព័ត៌មាន Reuters ថា យ៉ាងហោចណាស់មនុស្ស ១៣នាក់ បានបាត់បង់ជីវិត និង ២៥នាក់ទៀត បានរងរបួស ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែក នៅស្ថានីយរថភ្លើង ក្នុងទីក្រុង Quetta ភាគនិរតីនៃប្រទេសប៉ាគីស្ថាន នាថ្ងៃសៅរ៍ (ទី៩ ខែវិច្ឆិកា) នេះ។
ស្នងការទទួលបន្ទុកប្រតិបត្តិការនគរបាល លោក Muhammad Baloch បាននិយាយថា៖ «ការបំផ្ទុះនេះបានកើតឡើង នៅខាងក្នុងស្ថានីយរថភ្លើង នៅពេលដែលរថភ្លើងល្បឿនលឿន ដែលជាប់នឹងទីក្រុង Peshawar ហៀបនឹងចាកចេញទៅកាន់គោលដៅ»។
ភ្លាមៗនេះ មិនទាន់មានក្រុមណាអះអាងទទួលខុសត្រូវ ចំពោះការបំផ្ទុះនេះនៅឡើយទេ។
គួរបញ្ជាក់ថា ប្រទេសប៉ាគីស្ថានកំពុងប្រឈមនឹងការកើនឡើងនៃការវាយប្រហារ ដោយក្រុមសកម្មប្រយុទ្ធនៅភាគពាយព្យ និងការកើនឡើងនៃការបះបោររបស់ក្រុមបំបែកខ្លួន នៅភាគខាងត្បូង៕