ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ នៅព្រឹកថ្ងៃសៅរ៍ (ទី៩ ខែវិច្ឆិកា) នេះ បានរាយការណ៍ថា ទាហានស៊ីរីជាច្រើននាក់ បានរងរបួស នៅក្នុង «ការវាយប្រហារ» តាមផ្លូវអាកាសរបស់អ៊ីស្រាអែល នៅក្នុងតំបន់ជុំវិញទីក្រុង Al-Safira ក្បែរទីក្រុង Aleppo និង Idlib។
ដោយដកស្រង់ប្រភពពីយោធា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា «ការវាយប្រហារ» តាមផ្លូវអាកាសនេះ បានកំណត់គោលដៅទីតាំងមួយចំនួន នៅក្នុងទីជនបទ ខាងក្រៅទីក្រុង Aleppo និង Idlib។ ពាក់ព័ន្ធនឹងសេចក្ដីរាយការណ៍នេះ យោធាអ៊ីស្រាអែលមិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។
គួរបញ្ជាក់ថា អ៊ីស្រាអែលបានធ្វើការវាយប្រហារប្រឆាំងនឹងគោលដៅដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ ក្នុងប្រទេសស៊ីរីជាច្រើនឆ្នាំមកហើយ ប៉ុន្តែបានបង្កើនការវាយឆ្មក់បែបនេះកាន់តែខ្លាំងឡើងជាងមុន ចាប់តាំងពីមានការវាយប្រហារថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយក្រុមប្រដាប់អាវុធហាម់ាស នៅលើទឹកដីអ៊ីស្រាអែល៕