អ្នកស្រុក នៅក្នុងរដ្ឋធានីជាតិរបស់ប្រទេសឥណ្ឌា នៅថ្ងៃសៅរ៍ (ទី៩ ខែវិច្ឆិកា) នេះ បាននិយាយថា ពួកគេកំពុងតស៊ូនឹងជំងឺផ្លូវដង្ហើមកាន់តែខ្លាំងឡើងៗ ក្នុងរួមទាំងការដកដង្ហើមខ្លីៗ និងការមានអារម្មណ៍ក្រហាយភ្នែករបស់ពួកគេ បន្ទាប់ពីប៉ះពាល់នឹងខ្យល់អាកាសកខ្វក់រយៈពេលយូរ។
គួរបញ្ជាក់ថា តំបន់ដ៏ធំនៃភាគខាងជើងប្រទេសឥណ្ឌា ត្រូវបានបង្ខំប្រយុទ្ធនឹងការបង្កកខ្វក់ខ្យល់បរិយកាសរៀងរាល់រដូវរងា នៅពេលដែលខ្យល់ត្រជាក់ចាប់យកល្អងធូលី ការបំភាយពីរថយន្ត និងផ្សែងពីការដុតសំណល់ដំណាំ នៅក្នុងរដ្ឋកសិកម្ម គឺរដ្ឋ Punjab និង Haryana។
សន្ទស្សន៍គុណភាពខ្យល់ជាតិ នាថ្ងៃសៅរ៍ (ទី៩ ខែវិច្ឆិកា) បានបង្ហាញគុណភាពខ្យល់ នៅទីក្រុង New Delhi ស្ថិតនៅចន្លោះកម្រិត «អន់ខ្លាំង» ទៅ «ធ្ងន់ធ្ងរ» ដែលបង្កហានិភ័យដល់សុខភាពសួតរបស់អ្នកទីក្រុងនេះ។
New Delhi ជាទីក្រុងដែលមានប្រជាជន ២០លាននាក់រស់នៅនោះ គឺជារដ្ឋធានីដែលមានបរិស្ថានកខ្វក់បំផុតរបស់ពិភពលោក។ រៀងរាល់ឆ្នាំ ចាប់ពីខែតុលាទៅ គុណភាពខ្យល់មានកម្រិតកាន់តែអាក្រក់ទៅៗ ដោយសារកត្តាជាច្រើន ក្នុងនោះរួមទាំងការដុតគល់ជញ្ជ្រាំងពីដីស្រែចម្ការក្រោយការប្រមូលផល ផ្សែងរថយន្ត និងផ្សែងពីការដុតកាំជ្រួច ដែលអណ្ដែតត្រសែតពាសពេញពីលើទីក្រុងនេះ៕