ក្រុមហ៊ុន SpaceX របស់លោក Elon Musk បានបាញ់បង្ហោះផ្កាយរណប Starlink ក្រុមថ្មី ដោយជោគជ័យទៅកាន់ទីអវកាស កាលពីថ្ងៃសុក្រ (ទី៨ ខែវិច្ឆិកា)។
រ៉ូកែត Falcon 9 ត្រូវបានបាញ់បង្ហោះចេញពីមូលដ្ឋានទ័ពអវកាស Vanderberg ក្នុងរដ្ឋ California ដោយដឹកផ្កាយរណប Starlink ចំនួន ២០គ្រឿង ចូលទៅក្នុងគន្លងតារាវិថី។
បើយោងតាមកងកម្លាំងអវកាសអាមេរិក បានឲ្យដឹងថា ក្នុងចំណោមផ្កាយរណបសកម្មប្រហែល ១០.៣០០គ្រឿង នៅក្នុងគន្លងតារាវិថី ប្រមាណជា ៦.៣០០ គឺជាផ្នែកនៃក្រុមផ្កាយរណប Starlink ដែលកំពុងកើនឡើងយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន SpaceX។
កាលពីខែកញ្ញា យានចម្លង Falcon 9 របស់ក្រុមហ៊ុន SpaceX បានដំណើរការខុសប្រក្រតី ដែលបណ្តាលឲ្យឧបករណ៍ជំរុញបានធ្លាក់ចូលទៅក្នុងតំបន់មួយនៃមហាសមុទ្រប៉ាស៊ីហ្វិក នៅខាងក្រៅតំបន់កំណត់សុវត្ថិភាព ដែលរដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) របស់សហរដ្ឋអាមេរិក បានអនុម័ត។
FAA បានអនុម័តឲ្យការមានការហោះហើររបស់ក្រុមហ៊ុន SpaceX ឡើងវិញ សម្រាប់យានចម្លង Falcon 9 នៅក្នុងខែតុលា បន្ទាប់ពីខ្លួនបានពិនិត្យ និងទទួលយកការរកឃើញនៃការស៊ើបអង្កេតដឹកនាំដោយក្រុមហ៊ុន SpaceX និងវិធានការកែតម្រូវ សម្រាប់ឧប្បត្តិហេតុដែលបានកើតឡើង កាលថ្ងៃទី២៨ ខែកញ្ញា៕