ពិធីករទូរទស្សន៍រុស្ស៊ី លោក Vladimir Solovyov ដែលជាសម្ព័ន្ធមិត្តដ៏លេចធ្លោរបស់លោក Vladimir Putin បាននិយាយថា ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump «គ្មានផ្លូវ» ជាមិត្តរបស់ប្រទេសរុស្ស៊ីនោះទេ។
គួរបញ្ជាក់ថា បេក្ខភាពរបស់បក្សសាធារណរដ្ឋ លោក Trump ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានាធិបតីទី៤៧ របស់សហរដ្ឋអាមេរិក ក្នុងសប្តាហ៍នេះ ដោយបានយកឈ្នះគូប្រជែងខាងបក្សប្រជាធិបតេយ្យ គឺអនុប្រធានាធិបតី លោកស្រី Kamala Harris។
នៅក្នុងកម្មវិធីរបស់លោក ឈ្មោះ Evening With Vladimir Solovyov លោក Solovyov បាននិយាយថា៖ «យើងនឹងមិនចរចា អំពីដែនដីធម្មនុញ្ញរបស់យើងទេ។ ប៉ុន្តែ (យើង) អាចពិភាក្សាជាមួយនឹងលោក Trump ថា តើយើងនឹងទៅយកទីក្រុងប៊ែរឡាំងបាន ឬទេ។ អូខេ យើងនឹងមិនយកទីក្រុងប៊ែរឡាំងថ្ងៃនេះទេ ដោយនេះជាការនិយាយបែបប្រៀបធៀប ដែលខ្ញុំចង់មានន័យថា វាជាសំណួរនៃប្រព័ន្ធទំនាក់ទំនង»។
លោកបានបន្ថែមថា៖ «ប៉ុន្តែលោក Trump នឹងទាមទារនូវអ្វីដែលខុសប្លែកពីអ្នកដទៃ។ លោកបាននិយាយម្តងហើយម្តងទៀតថា អ្វីដែលសំខាន់បំផុតនោះ គឺថា មិនគួរមានសម្ព័ន្ធភាព រវាងរុស្ស៊ី និងចិនទេ។ ហើយលោកត្រូវការទម្លាក់តម្លៃប្រេង ដើម្បីឲ្យវាប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាជនរុស្ស៊ី។ គ្មានផ្លូវទេ ដែលលោកក្លាយជាមិត្ត ឬសាច់ញាតិរបស់យើងនោះ»។
ទស្សនាវដ្ដី Newsweek បានទាក់ទងទៅកាន់វិមានក្រឹមឡាំង និងយុទ្ធនាការរបស់លោក Trump តាមរយៈអ៊ីម៉េល (សារអេឡិចត្រូនិក) ដើម្បីសុំការអត្ថាធិប្បាយ។
ថ្វីបើមានភាពឯកោជាសាកល ដោយសារតែការលុកលុយលើអ៊ុយក្រែនក៏ដោយ ក៏រុស្ស៊ីបានរកឃើញថា ប្រទេសចិនជាដង្ហើមគាំទ្រសេដ្ឋកិច្ច និងជាសម្ព័ន្ធមិត្តភូមិសាស្ត្រនយោបាយ ជាពិសេសនៅក្នុងគោលដៅរួមគ្នារបស់ប្រទេសទាំង២ ក្នុងការទប់ទល់នឹងឥទ្ធិពលរបស់សហរដ្ឋអាមេរិក។
តែយ៉ាងណាក្ដី លោក Putin បានអបអរលោក Trump ចំពោះជ័យជម្នះ ក្នុងការបោះឆ្នោតរបស់លោក ដោយនិយាយថា លោកត្រៀមខ្លួនរួចជាស្រេច ដើម្បីនិយាយជាមួយប្រធានាធិបតីជាប់ឆ្នោតរូបនេះ។ លោកបានពណ៌នាលោក Trump ថា ជា «បុគ្គលក្លាហាន» សម្រាប់វិធី ដែលលោកបានដឹកនាំខ្លួនឯងបន្ទាប់ពីការប៉ុនប៉ងធ្វើឃាតលើរូបលោក នៅក្នុងខែកក្កដា៕