
ក្រសួងសុខាភិបាលលីបង់ កាលពីថ្ងៃសុក្រ (ទី៨ ខែវិច្ឆិកា) បាននិយាយថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល លើប្រទេសលីបង់ បានកើនឡើងដល់ ៣.១១៧នាក់ហើយ ខណៈអ្នករងរបួសឡើងដល់ ១៣.៨៨៨នាក់ គិតចាប់តាំងពីជម្លោះ រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា បានចាប់ផ្ដើមផ្ទុះឡើង កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣។
ហើយបើយោងតាមប្រភពពីលីបង់ បានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ ១២នាក់ ត្រូវបានសម្លាប់ និង១០នាក់ផ្សេងទៀត បានរងរបួស កាលពីថ្ងៃសុក្រ នៅក្នុងការវាយប្រហារតាមអាកាសជាបន្តបន្ទាប់របស់អ៊ីស្រាអែល នៅភាគខាងកើត និងភាគខាងត្បូងនៃប្រទេសលីបង់។
ប្រភពយោធាលីបង់ ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់ថា យន្តហោះចម្បាំងរបស់អ៊ីស្រាអែល បានធ្វើការវាយឆ្មក់ ១៥លើក នៅភាគខាងត្បូងលីបង់ និង៤លើកទៀត នៅភាគខាងកើត ដោយបានបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់។

ជាមួយគ្នានេះ ទីភ្នាក់ងារសារព័ត៌មានជាតិផ្លូវការ បានរាយការណ៍ថា មនុស្ស៤នាក់ បានបាត់បង់ជីវិត និង៥នាក់ទៀត បានរងរបួសនៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើផ្ទះមួយខ្នង ក្នុងទីក្រុង Al-Ghandouriya កាលពីថ្ងៃសុក្រនោះ។
គួរបញ្ជាក់ថា កាលពីល្ងាចថ្ងៃសុក្រនោះ កងកម្លាំងអ៊ីស្រាអែលបានអំពាវនាវឲ្យជនស៊ីវិលជម្លៀសចេញភ្លាមៗ ក្នុងតំបន់មួយចំនួននៃតំបន់ជាយក្រុងភាគខាងត្បូងរបស់ទីក្រុងបេរូត មុនពេលមានការវាយប្រហារតាមអាកាស។ ក្រោយមក យោធាអ៊ីស្រាអែលបានបើកការវាយប្រហារលើអគារជាច្រើនខ្នង នៅក្នុងតំបន់ Hadath និង Haret Hreik នៃជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូត៕