
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Mohammed Shia al-Sudani បានបង្ហាញក្តីសង្ឃឹម ក្នុងអំឡុងពេលសន្ទនាតាមទូរសព្ទជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump ថា លោកនឹងរក្សាបាននូវ «ការសន្យារបស់លោក ដើម្បីធ្វើយ៉ាងណាឆ្ពោះទៅរកការបញ្ចប់សង្គ្រាម» នៅតំបន់មជ្ឈិមបូព៌ា។
ក្នុងពេលមានសង្រ្គាមរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា និងប្រទេសលីបង់ លោក Sudani ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីដោយប្លុកភាគច្រើននៃក្រុមបក្សនយោបាយគាំទ្រដោយអ៊ីរ៉ង់ បានស្ថិតក្នុងវិធានការថ្លឹងថ្លែងយ៉ាងលំបាក ដើម្បីធានាថា ប្រទេសរបស់លោកមិនត្រូវបានអូសទាញចូលទៅក្នុងការប្រយុទ្ធគ្នានោះឡើយ។
សេចក្តីថ្លែងការណ៍មួយពីការិយាល័យរបស់លោក Sudani ដែលបានចេញកាលពីយប់ថ្ងៃសុក្រ (ទី៨ ខែវិច្ឆិកា) បានឲ្យដឹងថា នៅក្នុងការសន្ទនាតាមទូរសព្ទនោះ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ បានលើកឡើងសំដៅទៅ «សេចក្តីថ្លែងការណ៍យុទ្ធនាការ និងការសន្យារបស់លោក Trump ក្នុងការធ្វើការឆ្ពោះទៅរកការបញ្ចប់សង្គ្រាម នៅក្នុងតំបន់»។
សេចក្ដីថ្លែងការណ៍បានបន្ថែមថា៖ «ឥស្សរជនទាំង២ បានយល់ព្រមសម្របសម្រួលកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចបាននូវគោលដៅនេះ»។

គួបញ្ជាក់ថា សហរដ្ឋអាមេរិកមានទាហានប្រហែល ២.៥០០នាក់ ត្រូវបានដាក់ពង្រាយ នៅប្រទេសអ៊ីរ៉ាក់ ជាផ្នែកមួយនៃក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកដែលត្រូវបានបង្កើតឡើង ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងក្រុម ISIS។
មូលដ្ឋានដែលកងទ័ពអាមេរិកឈរជើង គឺជាគោលដៅនៃការវាយប្រហារដោយគ្រាប់រ៉ូកែត និងយានដ្រូនរាប់សិបលើក ដែលធ្វើឡើងដោយក្រុមគាំទ្រដោយអ៊ីរ៉ង់ នៅប្រទេសអ៊ីរ៉ាក់ ដែលក៏បានអះអាងពីការវាយប្រហារប្រឆាំងនឹងអ៊ីស្រាអែលផងដែរ៕