
ដោយដកស្រង់សម្តីអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី ទីភ្នាក់ងារសារព័ត៌មាន Interfax បានរាយការណ៍នៅថ្ងៃសៅរ៍នេះថា ក្រសួងការបរទេសរុស្ស៊ី មើលឃើញថា គ្មានហេតុផលអ្វីឡើយ ដើម្បីនិយាយឡើងវិញ អំពីការចាប់ផ្ដើមកិច្ចសន្ទនាជាថ្មីម្ដងទៀត ស្តីពីស្ថិរភាពយុទ្ធសាស្ត្រ និងការគ្រប់គ្រងអាវុធជាមួយសហរដ្ឋអាមេរិក នាពេលនេះ។
យោងតាមសារព័ត៌មាន Interfax បានឲ្យដឹងថា លោក Sergei Ryabkov បាននិយាយថា ទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន «កំពុងផ្លាស់ប្តូរសញ្ញា ស្តីពីអ៊ុយក្រែន» តាមរយៈបណ្តាញសម្ងាត់ នៅកម្រិតយោធា និងនយោបាយ។ លោកក៏បានប្រាប់ផងដែរថា ប្រទេសរុស្ស៊ីបានត្រៀមរួចជាស្រេច ដើម្បីស្តាប់សំណើរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump ស្តីពីការដោះស្រាយវិបត្តិ នៅអ៊ុយក្រែន ដោយបន្ថែមថា មិនអាចមានដំណោះស្រាយសាមញ្ញៗនោះទេ។

គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃព្រហស្បតិ៍ (ទី៧ ខែវិច្ចិកា) បានអបអរសាទរលោក Trump ដែលបានឈ្នះការបោះឆ្នោត នៅសហរដ្ឋអាមេរិក ហើយបានសរសើររូបលោក ចំពោះការបង្ហាញពីភាពក្លាហាន នៅពេលដែលខ្មាន់កាំភ្លើងព្យាយាមធ្វើឃាតលើរូបលោក កាលពីខែកក្កដា ហើយបាននិយាយថា ទីក្រុងមូស្គូបានត្រៀមរួចជាស្រេច សម្រាប់ការសន្ទនាជាមួយលោក Trump។ លោកបានសង្កត់ធ្ងន់ថា ការអត្ថាធិប្បាយដែលលោក Trump បានធ្វើឡើង ពាក់ព័ន្ធនឹងការព្យាយាមបញ្ចប់សង្រ្គាម គឺសមនឹងទទួលបានការយកចិត្តទុកដាក់៕