ទឹកជំនន់ដ៏បំផ្លិចបំផ្លាញ នៅប្រទេសស៊ូដង់ខាងត្បូង កំពុងប៉ះពាល់ដល់មនុស្សប្រមាណជា ១,៤លាននាក់ ដោយជាង ៣៧៩.០០០នាក់ ត្រូវបានផ្លាស់ទីលំនៅ។ នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពរបស់អង្គការសហប្រជាជាតិ (UN) ដែលក៏បានព្រមានផងដែរ អំពីការកើនឡើងនូវជំងឺគ្រុនចាញ់។
ទីភ្នាក់ងារជំនួយជាច្រើន បានឲ្យដឹងថា ប្រទេសកើតឡើងក្រោយគេបំផុតរបស់ពិភពលោកមួយនេះ ដែលងាយរងគ្រោះខ្លាំង ដោយសារបម្រែបម្រួលអាកាសធាតុ កំពុងរងផលប៉ះពាល់ដោយទឹកជំនន់ដ៏អាក្រក់បំផុតរបស់ប្រទេស ជាច្រើនទសវត្សរ៍មកហើយ ដែលភាគច្រើននៅភាគខាងជើង។
ការិយាល័យ UN ទទួលបន្ទុកការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយថា មនុស្សប្រហែល ១,៤លាននាក់ ត្រូវបានរងផលប៉ះពាល់ដោយទឹកជំនន់ នៅក្នុងតំបន់ចំនួន និងតំបន់ជម្លោះ Abyei ដែលត្រូវបានទាមទារទាំងពីប្រទេសស៊ូដង់ខាងត្បូង និងស៊ូដង់។
ហើយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយ កាលពីល្ងាចថ្ងៃសុក្រ (ទី៨ ខែវិច្ឆិកា) OCHA បានបន្ថែមថា៖ «មនុស្សជាង ៣៧៩.០០០នាក់ ត្រូវបានផ្លាស់ទីលំនៅ នៅក្នុងតំបន់ចំនួន ២២ និងតំបន់ Abyei»។

ទីភ្នាក់ងារនេះបានឲ្យដឹងទៀតថា ករណីនៃជំងឺគ្រុនចាញ់កើនឡើង ត្រូវបានរាយការណ៍នៅក្នុងរដ្ឋមួយចំនួន «ដោយបានធ្វើឲ្យប្រព័ន្ធសុខភាពពិបាកទប់ទល់ និងធ្វើឲ្យស្ថានការណ៍ និងផលប៉ះពាល់នៅក្នុងតំបន់ដែលរងគ្រោះដោយទឹកជំនន់កាន់តែធ្ងន់ធ្ងរឡើងៗ»។
គួរបញ្ជាក់ថា ចាប់តាំងពីទទួលបានឯករាជ្យពីប្រទេសស៊ូដង់ ក្នុងឆ្នាំ២០១១ ប្រទេសដែលក្មេងជាងគេបំផុតរបស់ពិភពលោកមួយនេះ នៅតែញាំញីទៅដោយអស្ថិរភាព អំពើហិង្សា និងការជាប់គាំងសេដ្ឋកិច្ចរ៉ាំរ៉ៃ ក៏ដូចជាគ្រោះមហន្តរាយអាកាសធាតុ ដូចជាគ្រោះរាំងស្ងួត និងទឹកជំនន់ជាដើម។ ធនាគារពិភពលោកបានប្រាប់ឲ្យដឹងកាលពីខែមុនថា ទឹកជំនន់
ចុងក្រោយបំផុត បាន និងកំពុង «ធ្វើឲ្យស្ថានភាពមនុស្សធម៌ដ៏ធ្ងន់ធ្ងររួចហើយនោះកាន់តែអាក្រក់ទៅៗ ពោលគឺការមានបញ្ហាអសន្តិសុខស្បៀងធ្ងន់ធ្ងរ»៕