ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ អមដំណើរដោយមន្រ្តីនៃមន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្ត បានអញ្ជើញចុះពិនិត្យមើលស្ថានភាពដំណាំស្រូវរបស់ប្រជាពលដ្ឋ នៅស្រុកចុងកាល់ ខណៈរដូវកាលប្រមូលផលច្រូតកាត់ស្រូវវស្សាជាបណ្តើរៗហើយនោះ។
ក្នុងការចុះពិនិត្យនៅថ្ងៃទី៨ វិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម មាន ចាន់យ៉ាដា បានណែនាំដល់មន្រ្តីជំនាញនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ ជាពិសេសនោះមន្រ្តីកសិកម្មនៅតាមមូលដ្ឋានឃុំសង្កាត់ផ្ទាល់ ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តការងារជំនាញរបស់ខ្លួននៅនិងមូលដ្ឋានឲ្យបានជាប់ជាប្រចាំ ដើម្បីទុកជាបទពិសោធន៍ចំពោះបញ្ហាប្រឈមនានាដែលបានកើតមានឡើងក្នុងមូលដ្ឋានរបស់ខ្លួនកន្លងមកត្រូវប្រញាប់រាយការណ៍មកជាបន្ទាន់ ដើម្បីយើងបានជួយអន្តរាគមន៍ និងដោះស្រាយបញ្ហាទាំងអស់នោះជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានទាន់ពេលវេលាផងដែរ។
ឯកឧត្តម អភិបាលខេត្ត បានបន្តទៀតថា បើទោះបីកន្លងមកនៅក្នុងតំបន់នេះដំណាំស្រូវវស្សារបស់បងប្អូនប្រជាពលរដ្ឋមួយចំនួន បានទទួលរងនូវផលប៉ះពាល់តិចតួចដោយសារកត្តាអាកាសធាតុ និងបញ្ហាសត្វដង្កូវហ្វូងបានស៊ីបំផ្លាញខ្លះៗយ៉ាងណាក្តី ប៉ុន្តែមន្រ្តីជំនាញបានរិះរកគ្រប់មធ្យោបាយ ដើម្បីជួយធ្វើការអន្តរាគមន៍បានទាន់ពេលវេលាផងដែរ។
ឯកឧត្តម បានបញ្ជាក់ថា ទោះបីឆ្នាំនេះដំណាំស្រូវរបស់បងប្អូនប្រជាពលរដ្ឋ ជួបប្រទះបញ្ហាប្រឈមខ្លះៗ មិនបានប្រមូលផលស្រូវទទួលបានមួយរយភាគរយក្តី ក៏យើងអាចទទួលបានត្រឹម៨០ភាគរយ បន្ទាប់ពីរងផលប៉ះពាល់រួចនោះ៕







