ក្រុមគ្រួសារនៅតំបន់សង្រ្គាមហ្កាហ្សា កាលពីថ្ងៃសៅរ៍ (០៩ វិច្ឆិកា) បាននាំគ្នាកាន់ទុក្ខកុមារដែលត្រូវបានសម្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែល ក្នុងពេលពួកគេកំពុងត្រៀមលេងបាល់ទាត់ ស្របពេលមានការទម្លាក់គ្រាប់បែកកាន់តែខ្លាំងក្លាឡើង ដែលអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា បានសម្លាប់មនុស្សចំនួន ៤៤នាក់ ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនោះ។

ការវាយប្រហារនេះគឺនៅក្នុងទីក្រុង ម៉ាវ៉ាស៊ី (Mawasi) ជាតំបន់ឆ្នេរភាគខាងត្បូង ដែលមនុស្សរាប់សែននាក់បានជ្រកកោន បន្ទាប់ពីយោធាអ៊ីស្រាអែល បានប្រាប់ពួកគេឱ្យចាកចេញពីតំបន់ផ្សេងទៀតដែលខ្លួនកំពុងទម្លាក់គ្រាប់បែកក្នុងសង្គ្រាមប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស។

សាច់ញាតិរបស់កុមារដែលបានស្លាប់ បាននិយាយថា "គ្រាប់រ៉ូកែតបានធ្លាក់ចំពួកគេ។ មិនមានមនុស្សដែលត្រូវគេតាមចាប់ ឬមនុស្សដែលត្រូវគេកំណត់គោលដៅនៅទីនោះឡើយ។ ពួកគេគ្រាន់តែជាកុមារដែលមិនដឹងអីប៉ុណ្ណោះ" ។

អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា យុទ្ធនាការយោធារបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា បានសម្លាប់មនុស្សជាង ៤៣.៥០០នាក់ និង ១០.០០០នាក់ផ្សេងទៀតត្រូវគេជឿថាបានស្លាប់ និងមិនត្រូវបានរកឃើញនៅក្រោមគំនរបាក់បែក៕