សារព័ត៌មាន វ៉លស្រ្ទីត ជើណល (WSJ) បានរាយការណ៍កាលពីថ្ងៃសៅរ៍ (០៩ វិច្ឆិកា) ថា សហរដ្ឋអាមេរិក នឹងបញ្ជូនមីស៊ីលស្ទាក់ចាប់ជាង ៥០០គ្រាប់ ទៅកាន់ប្រទេសអ៊ុយក្រែន ក្នុងប៉ុន្មានសប្តាហ៍ខាងមុខ ដោយបង្កើនល្បឿនការផ្តល់ជំនួយយោធារបស់ទីក្រុងវ៉ាស៊ីនតោន ទៅកាន់ប្រទេសដែលរងគ្រោះដោយសង្គ្រាមមួយនេះ។

ដោយសម្អាងដល់ប្រភពមន្ត្រីមន្ទីរបញ្ចកោនដែលមិនបញ្ចេញឈ្មោះ សារព័ត៌មាន WSJ បានរាយការណ៍ថា មុនពេលការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក ដែលអតីតប្រធានាធិបតីបក្សសាធារណរដ្ឋ លោក Donald Trump បានផ្តួលគូប្រជែងគណបក្សប្រជាធិបតេយ្យរបស់ខ្លួនគឺលោកស្រី Kamala Harris រដ្ឋបាលសហរដ្ឋអាមេរិក មានគោលបំណងផ្តល់ជំនួយដែលនៅសេសសល់ដល់អ៊ុយក្រែនត្រឹមខែមេសា។

កាសែតនេះបានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះម្នាក់ថា ការបញ្ជូនគ្រឿងយុទ្ធោបករណ៍ស្ទាក់ចាប់សម្រាប់ប្រព័ន្ធការពារមីស៊ីល ប៉ាទ្រីយ៉ូត (Patriot) និងប្រព័ន្ធមីស៊ីលបាញ់ពីដីទៅអាកាសកម្រិតខ្ពស់ថ្នាក់ជាតិ ឬហៅថា NASAMS គួរតែអាចបំពេញតម្រូវការការពារដែនអាកាសរបស់អ៊ុយក្រែន សម្រាប់រយៈពេលនៅសេសសល់នៃឆ្នាំនេះ។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានអង្វរកអស់រយៈពេលជាច្រើនខែសម្រាប់សព្វាវុធបន្ថែមទៀត និងជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយអ៊ុយក្រែន ក្នុងការវាយលុកចូលជ្រៅទៅក្នុងទឹកដីរុស្ស៊ី ជាមួយនឹងមីស៊ីលរយៈចម្ងាយឆ្ងាយរបស់លោកខាងលិច។ កាលពីថ្ងៃសុក្រសប្ដាហ៍មុន រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden បាននិយាយថា ខ្លួននឹងអនុញ្ញាតឱ្យក្រុមហ៊ុនកិច្ចសន្យាការពារជាតិអាមេរិក ធ្វើការក្នុងប្រទេសអ៊ុយក្រែន ដើម្បីរក្សា និងជួសជុលអាវុធដែលផ្តល់ដោយមន្ទីរបញ្ចកោណ ក្នុងការផ្លាស់ប្តូរគោលនយោបាយដ៏សំខាន់មួយ ដែលមានបំណងជួយដល់ការប្រយុទ្ធរបស់ទីក្រុងគីវ ប្រឆាំងនឹងរុស្ស៊ី៕