បាតុកម្មប្រឆាំងលោក Donald Trump បានផ្ទុះឡើងនៅសហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍ (០៩ វិច្ឆិកា) ខណៈប្រជាជននៅតាមតំបន់ឆ្នេរសមុទ្រទាំងពីរ បានចេញតវ៉ាតាមដងផ្លូវជុំវិញការខកចិត្តចំពោះជ័យជម្នះម្ដងទៀតរបស់លោក។

មនុស្សរាប់ពាន់នាក់នៅក្នុងទីក្រុងធំៗ រួមទាំងទីក្រុងញូវយ៉ក (New York) និងទីក្រុងស៊ីអាថល (Seattle) បានធ្វើបាតុកម្មប្រឆាំងនឹងអតីតប្រធានាធិបតី និងបច្ចុប្បន្នជាប្រធានាធិបតីជាប់ឆ្នោតរូបនេះ ស្របពេលមានការគំរាមកំហែងរបស់លោកប្រឆាំងនឹងសិទ្ធិបន្តពូជ និងការសន្យាថានឹងធ្វើការនិរទេសទ្រង់ទ្រាយធំនៅពេលចាប់ផ្តើមអាណត្តិប្រធានាធិបតីនាពេលខាងមុខ។

អ្នកស្រុកនៅទីក្រុងញូវយ៉ក (New York) ដែលព្រួយបារម្ភថាកាឈ្នះឆ្នោតរបស់លោក Trump អាចបណ្ដាលឱ្យបាត់បង់សិទ្ធិសម្រាប់ជនអន្តោប្រវេសន៍ និងក្រុមងាយរងគ្រោះផ្សេងទៀត បានចេញតវ៉ានៅកណ្តាលតំបន់ មែនហាតថាន (Manhattan) សម្ដែងការប្រឆាំងទៅនឹងផែនការអន្តោប្រវេសន៍របស់លោក ខណៈមនុស្សម្នាបានប្រមូលផ្តុំគ្នាទាមទារសិទ្ធិបន្តពូជរបស់ស្ត្រីនៅទីក្រុងវ៉ាស៊ីនតោន (Washington) ប៉ុន្មានថ្ងៃបន្ទាប់ពីជ័យជម្នះរបស់លោក Trump ក្នុងតំណែងសេតវិមាន។

គួររម្លឹកថា លោក Trump បានធ្វើយុទ្ធនាការតំណែងសេតវិមានជាថ្មីដោយប្តេជ្ញាថានឹងមានការបង្រ្កាបជនអន្តោប្រវេសន៍ដ៏ធំ រួមទាំងការសន្យានិរទេសជនអន្តោប្រវេសន៍ក្នុងចំនួនកំណត់ត្រា នៅក្នុងផែនការមួយដែលដៃគូអនុប្រធានាធិបតីរបស់ខ្លួនគឺលោក ជេឌី វែន (JD Vance) ប៉ាន់ស្មានថាអាចបណ្ដេញមនុស្ស ១លាននាក់ក្នុងមួយឆ្នាំ ក៏ដូចជាការគំរាមបញ្ចប់សិទ្ធិរំលូតកូន។
លោក Trump នឹងចូលកាន់តំណែងជាផ្លូវការនៅថ្ងៃទី២០ ខែមករា ឆ្នាំក្រោយនេះ បន្ទាប់ពីបានផ្តួលអនុប្រធានាធិបតីបច្ចុប្បន្ន លោកស្រី Kamala Harris ក្នុងការបោះឆ្នោតថ្ងៃទី០៥ ខែវិច្ឆិកា៕