មន្ត្រីសុខាភិបាលប៉ាឡេស្ទីន និងក្រុមសិទ្ធិមនុស្សបាននិយាយថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ៤០នាក់ ត្រូវបានសម្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែល នៅទូទាំងតំបន់ហ្កាហ្សា កាលពីថ្ងៃអាទិត្យ (១០ វិច្ឆិកា) រួមទាំងអ្នកស្លាប់ជាង ២០នាក់ នៅពេលដែលអគារលំនៅដ្ឋានមួយនៅក្នុងទីក្រុង ចាបាលីយ៉ា (Jabalia) ភាគខាងជើងត្រូវបានវាយប្រហារ។

មជ្ឈមណ្ឌលសិទ្ធិមនុស្សប៉ាឡេស្ទីន (PCHR) នៅទីក្រុងហ្កាហ្សា បាននិយាយថា យ៉ាងហោចណាស់មនុស្ស ២៤នាក់ត្រូវបានសម្លាប់ នៅពេលដែលការវាយប្រហាររបស់អ៊ីស្រាអែល បានបំផ្លាញអគារកម្ពស់បីជាន់នៅ ចាបាលីយ៉ា នៅពេលព្រឹកព្រលឹម។ ក្រុម PCHR បានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្ស ៣០នាក់ ផ្សេងទៀតមកពីលំនៅឋាននៅក្បែរនោះបានរងរបួស។

វីដេអូផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដែលមិនអាចផ្ទៀងផ្ទាត់បានភ្លាមៗនោះ បានបង្ហាញសាកសពប្រហែលរាប់សិបនាក់រុំដោយភួយ ហើយដាក់នៅលើដីនៅខាងក្រៅមន្ទីរពេទ្យក្បែរទីក្រុង ចាបាលីយ៉ា។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនិយាយថា ពួកគេគឺជាសាកសពរបស់អ្នកដែលត្រូវបានសម្លាប់ក្នុងការវាយប្រហារលើអគារលំនៅដ្ឋានដែលមានមនុស្សយ៉ាងហោចណាស់ ៣០នាក់។

យោធាអ៊ីស្រាអែល និយាយថាខ្លួនវាយប្រហារទីតាំងមួយនៅ ចាបាលីយ៉ា ដែលក្រុមភេរវករកំពុងប្រតិបត្តិការ ដោយបានចោទក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស នេះថាបានកេងប្រយោជន៍លើជនស៊ីវិល និងប្រើប្រាស់តំបន់ស៊ីវិលនៅហ្កាហ្សាសម្រាប់គោលបំណងយោធា ប៉ុន្តែក្រុមសកម្មប្រយុទ្ធនេះបានបដិសេធ៕