រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក អ៊ីស្រាអែល ខាត់ (Israel Katz) បាននិយាយកាលពីថ្ងៃអាទិត្យ (១០ វិច្ឆិកា) ថា ប្រទេសរបស់លោកបានកម្ចាត់ក្រុមសកម្មប្រយុទ្ធហេសបូឡា (Hezbollah) បានហើយ ហើយថាការលុបបំបាត់មេដឹកនាំរបស់ក្រុមនេះគឺលោក ហាសាន ណាស្រាលឡា (Hassan Nasrallah) គឺជាសមិទ្ធិផលដ៏អស្ចារ្យ។

លោក Katz បាននិយាយក្នុងពិធីមួយនៅក្រសួងការបរទេសអ៊ីស្រាអែលថា៖ "ឥឡូវនេះ ការងារបន្ទាប់របស់យើងគឺបន្តដាក់សម្ពាធដើម្បីនាំមកនូវផ្លែផ្កានៃជ័យជម្នះនោះ"។

លោក Katz បានបន្តថា អ៊ីស្រាអែលមិនចាប់អារម្មណ៍ក្នុងការជ្រៀតជ្រែកក្នុងនយោបាយផ្ទៃក្នុងរបស់ប្រទេសលីបង់ទេ ប៉ុន្តែលោកសង្ឃឹមថា សម្ព័ន្ធអន្តរជាតិនឹងទាញយកប្រយោជន៍ពីឱកាសនេះក្នុងន័យនយោបាយ ហើយថាលីបង់នឹងចូលរួមជាមួយប្រទេសផ្សេងទៀតក្នុងការធ្វើប្រក្រតីភាពនៃទំនាក់ទំនងជាមួយអ៊ីស្រាអែល។

គួរបញ្ជាក់ថា អ៊ីស្រាអែល និងក្រុមហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ បានបាញ់ប្រហារតបតគ្នាអស់រយៈពេលជាងមួយឆ្នាំ ស្របគ្នាជាមួយនឹងសង្រ្គាមនៅតំបន់ហ្កាហ្សា ប៉ុន្តែការប្រយុទ្ធគ្នាបានកើនឡើងចាប់តាំងពីចុងខែកញ្ញា ជាមួយនឹងទាហានអ៊ីស្រាអែល បានបង្កើនការទម្លាក់គ្រាប់បែកនៅភាគខាងត្បូង និងខាងកើតរបស់លីបង់ ព្រមទាំងធ្វើការវាយលុកថ្មើរជើងចូលបណ្ដាភូមិព្រំដែន៕