ក្រុមបាតុករគាំទ្រប៉ាឡេស្ទីន រាប់សិបនាក់ត្រូវបាននគរបាលចាប់ខ្លួនក្នុងទីក្រុង អាំស្ទែដាំ ( Amsterdam) បន្ទាប់ពីប្រឆាំងនឹងបម្រាមលើការតវ៉ាជាសាធារណៈក្នុងរដ្ឋធានីរបស់ហូឡង់។មនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នានៅទីលានចុតរង្គ Dam Square កាលពីថ្ងៃអាទិត្យ ដោយអំពាវនាវឱ្យបញ្ចប់ជម្លោះនៅដែនដីហ្កាហ្សា និងសម្តែងការមិនពេញចិត្តចំពោះបម្រាមនេះ។អ៊ីស្រាអែល បានទាត់ចោលការចោទប្រកាន់ពីបទប្រព្រឹត្តិអំពើប្រល័យពូជសាសន៍ក្នុងសង្រ្គាមជាងមួយឆ្នាំប្រឆាំងក្រុមហាម៉ាសនៅដែនដីប៉ាឡេស្ទីន។

បាតុកម្មនានាត្រូវបានហាមប្រាមជាបណ្ដោះអាសន្នដោយអភិបាលក្រុង បន្ទាប់ពីក្រុមអ្នកគាំទ្រកីឡាបាល់ទាត់របស់អ៊ីស្រាអែលត្រូវបានកំណត់គោលដៅនូវអ្វីដែលគេហៅថាការវាយប្រហាររួចរត់គេចខ្លួនកាលពីយប់ថ្ងៃព្រហស្បតិ៍បន្ទាប់ពីការប្រកួតរវាងក្រុម Maccabi Tel Aviv និងក្រុម Ajax Amsterdam ។

រដ្ឋាភិបាលអ៊ីស្រាអែលបានណែនាំពលរដ្ឋរបស់ខ្លួនឱ្យជៀសវាងជាដាច់ខាតពីព្រឹត្តិការណ៍កីឡា និងវប្បធម៌របស់អ៊ីស្រាអែលនៅក្រៅប្រទេស ជាពិសេសការប្រកួតបាល់ទាត់រវាងប្រទេសបារាំង និងអ៊ីស្រាអែល នៅទីក្រុងប៉ារីស នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ។
ក្រុមអាជ្ញាធរបាននិយាយថា ការវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍ ដែលបណ្តាលឱ្យមនុស្ស៥នាក់ត្រូវបញ្ជូននៅមន្ទីរពេទ្យ ត្រូវបានជំរុញដោយការប្រឆាំងសាសនា។អំពើហិង្សាដែលនាំឱ្យមានការចាប់ខ្លួនយ៉ាងហោចណាស់ ៦២ នាក់ ត្រូវបានថ្កោលទោសដោយក្រុមមេដឹកនាំនៅអឺរ៉ុប សហរដ្ឋអាមេរិក និងនៅអ៊ីស្រាអែល។
គួររម្លឹកថាការប៉ះទង្គិចគ្នាបានផ្ទុះឡើងនៅខាងក្រៅស្ថានីយ៍ Amsterdam Central station កាលពីពេលទាបភ្លឺថ្ងៃទី៨វិច្ឆិកាសប្ដាហ៍មុន ជាអ្វីដែលក្រុមអាជ្ញាធរអ៊ីស្រាអែល បាននិយាយថា បុរសម្នាក់បានវាយប្រហារដាក់គោលដៅលើជនជាតិអ៊ីស្រាអែល៕