ល្បប់ភក់ និងទឹកស្អុយដែលនៅសេសសល់ហូរមិនទាន់អស់ក្នុងទីប្រជុំជនអេស្ប៉ាញ រយៈពេលជាង ១០ថ្ងៃបន្ទាប់ពីទឹកជំនន់ដ៏អាក្រក់បំផុតក្នុងប្រទេសអស់ពេលជាច្រើនទសវត្សរ៍ បានបង្កក្លិនស្អុយ និងការព្រួយបារម្ភផ្នែកសុខភាពដល់តំបន់ដែលរងគ្រោះ។

អ្នកស្រុកបាននិយាយថា "នោះគឺជាសាច់ស្អុយរលួយ" ដោយចង្អុលទៅផ្សារទំនើបដែលត្រូវបានបំផ្លាញដោយទឹកជំនន់នៅក្នុងទីប្រជុំជន សេដាវី (Sedavi)។ តំបន់ កាតារ៉ូហា (Catarroja) ក្បែរនោះក៏ពោរពេញដោយល្បប់ភក់ បន្ទាប់ពីគ្រោះមហន្តរាយកាលពីថ្ងៃទី២៩ ខែតុលា ដែលបានឆក់យកជីវិតមនុស្ស ២២០នាក់ នៅភាគអាគ្នេយ៍អេស្ប៉ាញ ដោយក្លិនដ៏អាក្រក់ធ្វើអោយអ្នករួចរស់ជីវិតជួបការលំបាក។

ភាពចម្រុះនៃសារធាតុដែលរលាយនៅក្រោមភក់ បង្កើតបានជាក្លិនមិនល្អ។ សាស្ត្រាចារ្យ មីហ្គែល រ៉ូឌីឡា (Miguel Rodilla) ជីវវិទូនៅសាកលវិទ្យាល័យពហុបច្ចេកទេសតំបន់ វ៉ាលែនសៀ ( Valencia) បានពន្យល់ថា៖ នៅពេលដែលភក់ស្ងួត សារធាតុសរីរាង្គនឹងរលាយដោយគ្មានអុកស៊ីហ្សែន ហើយ "នោះហើយជាកន្លែងដែលក្លិនមិនល្អទាំងនោះចាប់ផ្តើមភាយឡើង"។

នៅក្នុងទិដ្ឋភាពដែលរំឮកពីជំងឺរាតត្បាតកូវីដ១៩ ក្រុមសង្គ្រោះ អ្នកស្ម័គ្រចិត្ត និងអ្នកស្រុកបានពាក់ម៉ាស់ និងស្រោមដៃអំឡុងពេលសម្អាត ខណៈមនុស្សមួយចំនួនបានត្អូញត្អែរពីក្លិនស្អុយដែលបណ្តាលឱ្យឈឺក្បាល និងវិលមុខ៕