អាជ្ញាធរ បានជំរុញអ្នកគាំទ្រអ៊ីស្រាអែលឱ្យជៀសវាងការចូលរួមការប្រកួតបាល់ទាត់រវាងប្រទេសបារាំង-អ៊ីស្រាអែល ក្នុងទីក្រុងប៉ារីស បន្ទាប់ពីមានអំពើហិង្សាក្នុងទីក្រុង អាមស្ទឺដាំ(Amsterdam) ប្រទេសហូឡង់ ក្រោយការប្រកួតរវាងក្រុមអ៊ីស្រាអែល និងក្រុមក្នុងស្រុក។

ការប្រកួតនៅទីក្រុងប៉ារីស នឹងប្រព្រឹត្តទៅមួយសប្តាហ៍បន្ទាប់ពីការប៉ះទង្គិចគ្នា ដោយថ្កោលទោសថាជា «ការប្រឆាំងជនជាតិជ្វីហ្វ» ដោយមេដឹកនាំអ៊ីស្រាអែល ហូឡង់និងអឺរ៉ុប បន្ទាប់ពីការប្រកួតរវាងក្លឹបអ៊ីស្រាអែល Maccabi Tel Aviv និងក្រុមហូឡង់ Ajax ។
សេចក្តីថ្លែងការណ៍មួយបាននិយាយកាលពីថ្ងៃអាទិត្យថា ក្រុមប្រឹក្សាសន្តិសុខជាតិរបស់អ៊ីស្រាអែលបានអំពាវនាវដល់ពលរដ្ឋអ៊ីស្រាអែលឲ្យ «ជៀសវាងការចូលរួមក្នុងការប្រកួតកីឡា ឬព្រឹត្តិការណ៍វប្បធម៌ ដែលពាក់ព័ន្ធនឹងពលរដ្ឋអ៊ីស្រាអែល ដោយសង្កត់ធ្ងន់លើការប្រកួតនាពេលខាងមុខរបស់ក្រុមជាតិអ៊ីស្រាអែលនៅក្នុងទីក្រុងប៉ារីស។

សេចក្តីថ្លែងការណ៍និយាយថា «ក្រុមជាច្រើនដែលចង់ធ្វើបាបជនជាតិអ៊ីស្រាអែល ត្រូវបានកំណត់អត្តសញ្ញាណនៅក្នុងទីក្រុងមួយចំនួននៅអឺរ៉ុប» រួមទាំងនៅទីក្រុងព្រុចសែល ទីក្រុងធំៗនៅចក្រភពអង់គ្លេស ទីក្រុងAmsterdamប្រទេសហូឡង់ និងនៅទីក្រុងប៉ារីស «ក្នុងឱកាសនៃការប្រកួតនៅពេលខាងមុខរបស់ក្រុមជម្រើសជាតិអ៊ីស្រាអែល»។
អធិការនគរបាលក្រុងប៉ារីស លោក Laurent Nunez បានពណ៌នាការប្រកួតរវាងប្រទេសបារាំង-អ៊ីស្រាអែល នៅពេលខាងមុខថាមានហានិភ័យខ្ពស់។ លោកនិយាយថា កងកម្លាំងចំនួន ៤.០០០ នាក់នឹងត្រូវដាក់ពង្រាយនៅក្នុងកីឡដ្ឋាន លើមធ្យោបាយដឹកជញ្ជូនសាធារណៈ និងនៅទូទាំងរដ្ឋធានីប្រទេសបារាំង។