ក្រុមអ្នកជួយសង្គ្រោះ និងអាជ្ញាធរ បាននិយាយថា អ៊ីស្រាអែលបានបើកការវាយប្រហារដ៏បង្ហូរឈាមទៅលើតំបន់ហ្កាហ្សា និងនៅប្រទេសលីបង់ កាលពីថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា មុនថ្ងៃកំណត់របស់សហរដ្ឋអាមេរិក សម្រាប់ការដឹកជញ្ជូនជំនួយចូលទៅដល់ដែនដីប៉ាឡេស្ទីន។
ក្រុមអ្នកជួយសង្គ្រោះនៅតំបន់ហ្កាហ្សាកាលពីថ្ងៃអាទិត្យ បាននិយាយថាមនុស្ស៣០ នាក់រួមទាំងកុមារ ១៣នាក់ ត្រូវបានសម្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែល នៅភាគខាងជើងនៃដែនដីនេះ។

ទីភ្នាក់ងារការពារជនស៊ីវិលតំបន់ហ្កាហ្សានិយាយថា ការវាយប្រហារលើកដំបូងកាលពីព្រឹកថ្ងៃអាទិត្យបានវាយប្រហារលើអគារលំនៅឋានមួយកន្លែងក្នុងទីក្រុង Jabalia ដោយបានសម្លាប់មនុស្ស យ៉ាងហោចណាស់២៥នាក់ រួមទាំងកុមារ១៣នាក់ និងជាង៣០នាក់ទៀតរងរបួស។

ដោយប្តេជ្ញាបញ្ឈប់ក្រុមសកម្មប្រយុទ្ធហាម៉ាសពីការប្រមូលផ្តុំក្រុមឡើងវិញនៅភាគខាងជើងតំបន់ហ្កាហ្សា អ៊ីស្រាអែលកាលពីថ្ងៃទី៦ខែតុលា បានចាប់ផ្តើមការវាយប្រហារតាមអាកាសនិងដីគោក ក្នុងទ្រង់ទ្រាយធំ។
អង្គការសហប្រជាជាតិ បានពណ៌នាតំបន់នេះថាស្ថិតនៅក្រោម «ការហ៊ុមព័ទ្ធ» ហើយទីក្រុងវ៉ាស៊ីនតោន បានកំណត់កាលបរិច្ឆេទនៃសប្តាហ៍នេះសម្រាប់អ៊ីស្រាអែល ដើម្បីដឹកជញ្ជូនជំនួយចូលបន្ថែមទៀត បើមិនដូច្នេះទេនឹងត្រូវប្រឈមមុខទៅនឹងការកាត់បន្ថយជំនួយយោធា។
ជាមួយគ្នានេះ ក្រសួងសុខាភិបាលរបស់ប្រទេសលីបង់ បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើភូមិ Almat ភាគខាងជើងទីក្រុងបេរូត បានសម្លាប់មនុស្ស២០នាក់ ក្នុងនោះមានកុមារបីនាក់ កាលពីថ្ងៃអាទិត្យ។ ក្រសួងនិយាយថា នៅភាគខាងត្បូងប្រទេសលីបង់ ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់អ្នកជួយសង្គ្រោះដែលមានទំនាក់ទំនងជាមួយក្រុមហេសបូឡា បីនាក់។
យុទ្ធនាការសងសឹករបស់អ៊ីស្រាអែល បានសម្លាប់មនុស្ស ៤៣.៦០៣នាក់នៅតំបន់ហ្កាហ្សា នេះបើយោងតាមតួលេខពីក្រសួងសុខាភិបាលនៃដែនដីដែលគ្រប់គ្រងដោយក្រុមហាម៉ាស ដែលអង្គការសហប្រជាជាតិ ចាត់ទុកថាជាតួលេខអាចទុកចិត្តបាន។