ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចជាឯកច្ឆន្ទថា វិសោធនកម្មបទបញ្ញា ផ្ទៃក្នុងនៃរដ្ឋសភាធ្វើឡើង ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុម ប្រឹក្សាធម្មនុញ្ញ បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យ និងសម្រេចលើសំណើរបស់សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ពាក់ព័ន្ធនឹងការស្នើសុំពិនិត្យធម្មនុញ្ញភាពបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា នៅវិមានរដ្ឋធម្មនុញ្ញ។

ពាក់ព័ន្ធនឹងសំណើវិសោធនកម្មខាងលើ ឯកឧត្តម ព្រហ្ម វិចិត្រអក្ខរា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ បញ្ជាក់ថា សំណើនៃបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា ពាក់ព័ន្ធនឹង២៣ប្រការ ដោយខ្លឹមសារជាការធ្វើបច្ចុប្បន្នលើពាក្យពេចន៍ និងការបំពេញបន្ថែមដើម្បីឱ្យការអនុវត្តលើនីតិវិធីរបស់រដ្ឋសភាប្រព្រឹត្តទៅកាន់តែរលូន។

សូមជម្រាបថា ក្រោយពីបានពិនិត្យ និងពិភាក្សា សមាជិក-សមាជិកាទាំង៩រូបរបស់ក្រុមប្រឹក្សាធម្មនុញ្ញ សម្រេចជាឯកច្ឆន្ទថា វិសោធនកម្មបទបញ្ញាផ្ទៃក្នុងនៃរដ្ឋសភា ដែលបានអនុម័តនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០២៤ នាសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ ស្របនឹងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ សេក ឧត្តម

