កងកម្លាំងសន្តិសុខបានត្រួតពិនិត្យនៅស្ថានីយ៍រថភ្លើងក្រុងហ្កេតា(Quetta) ក្នុងខេត្ត Balochistan របស់ប្រទេសប៉ាគីស្ថាន ហើយអាជ្ញាធរបាននិយាយថា ស្ថានីយ៍នេះនឹងនៅតែបិទយ៉ាងហោចណាស់រយៈពេល៤ថ្ងៃ ក្នុងអំឡុងពេលស៊ើបអង្កេតលើការបំផ្ទុះដែលបានសម្លាប់មនុស្ស ២៧ នាក់កាលពីថ្ងៃសៅរ៍ ទី៩ ខែវិច្ឆិកា។

ក្រុង Quetta ជាទីរួមខេត្ត Balochistan ដែលកំពុងតែរកមធ្យោបាយដោះស្រាយចំពោះការកើនឡើងនៃការវាយប្រហារធ្វើឡើងដោយក្រុមសកម្មប្រយុទ្ធជនជាតិភាគតិចផ្តាច់ខ្លួន ដែលបានបង្កើនការព្រួយបារម្ភផ្នែកសុវត្ថិភាពសម្រាប់គម្រោងនានា ក្នុងគោលបំណងអភិវឌ្ឍធនធានរ៉ែរបស់ខេត្តនេះ។

កងទ័ពរំដោះ Baloch ជាក្រុមសកម្មប្រយុទ្ធផ្តាច់ខ្លួន បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយផ្ញើទៅកាន់សារព័ត៌មានរ៉យទ័រ(Reuters) ។
កងទ័ពរំដោះ BLA ស្វែងរកឯករាជ្យសម្រាប់ខេត្ត Balochistan ជាខេត្តមួយមានប្រជាជនប្រហែល១៥លាននាក់ មានព្រំប្រទល់ជាប់ប្រទេសអាហ្វហ្គានីស្ថានទៅភាគខាងជើង និងប្រទេសអ៊ីរ៉ង់នៅភាគខាងលិច។
កងទ័ពរំដោះBLA គឺជាក្រុមបះបោរជនជាតិភាគតិចធំបំផុត ដែលកំពុងប្រយុទ្ធជាមួយរដ្ឋាភិបាល ដោយនិយាយថារដ្ឋាភិបាល កេងប្រវ័ញ្ចដោយអយុត្តិធម៌ចំពោះធនធានឧស្ម័ន និងធនធានរ៉ែដ៏សម្បូរបែបរបស់ខេត្តនេះ។