នាយករដ្ឋមន្ត្រីជប៉ុន លោក Ishiba Shigeru ទំនងជានឹងត្រូវបោះឆ្នោតជ្រើសរើសឡើងវិញក្នុងអំឡុងពេលកិច្ចប្រជុំសភាពិសេស ដែលនឹងកោះប្រជុំនៅថ្ងៃចន្ទនេះ បន្ទាប់ពីការបោះឆ្នោតសភាជាន់ទាបកាលពីខែមុន។ សមាជិកសភាទាំងពីរ នឹងសម្រេចលើតំណែងនាយករដ្ឋមន្ត្រីបន្ទាប់។

គណបក្សប្រជាធិបតេយ្យសេរី(LDP)ដែលកំពុងកាន់អំណាច និងដៃគូចម្រុះរបស់ខ្លួន Komeito បានបាត់បង់សំឡេងភាគច្រើននៅក្នុងសភាជាន់ទាប ក្នុងការបោះឆ្នោតសកល។ វាត្រូវបានគេរំពឹងថា នឹងឈានដល់ការបោះឆ្នោតជុំទី២ រវាងប្រធានគណបក្សប្រជាធិបតេយ្យសេរី (LDP) លោក Ishiba និងប្រធានគណបក្សប្រជាធិបតេយ្យធម្មនុញ្ញជប៉ុន ជាគណបក្សប្រឆាំងធំ គឺលោក Noda Yoshihiko ។ វានឹងក្លាយជាការបោះឆ្នោតជុំទី២លើកដំបូងនៅក្នុងសភាជាន់ទាបក្នុងរយៈពេល៣០ឆ្នាំ កន្លងទៅនេះ។

លោក Ishiba ត្រូវបានគេរំពឹងថានឹងសម្រេចបង្កើតក្រុមគណៈរដ្ឋមន្ត្រីថ្មីរបស់លោកភ្លាមៗ នៅពេលដែលលោកជាប់ឆ្នោតជាថ្មី។
ទន្ទឹមនឹងនេះ លោក Ishiba មានផែនការជួបពិភាក្សាដាច់ដោយឡែកជាមួយលោក Noda ប្រធានគណបក្សប្រជាធិបតេយ្យធម្មនុញ្ញជប៉ុន និងប្រធានគណបក្សប្រជាធិបតេយ្យដើម្បីប្រជាជន លោក Tamaki Yuichiro នៅថ្ងៃចន្ទនេះ បន្ទាប់ពីកិច្ចប្រជុំជាមួយតំណាងគណបក្សនវានុវត្តន៍ជប៉ុន លោកBaba Nobuyuki កាលពីថ្ងៃអាទិត្យ។ លោក Ishiba មានបំណងស្នើសុំកិច្ចសហប្រតិបត្តិការរបស់ពួកគេ ដើម្បីអនុវត្តគោលនយោបាយផ្សេងៗ រួមទាំងកំណែទម្រង់នយោបាយផងដែរ។