អ្នកកាន់សាសនាហិណ្ឌូ និងសាសនាស៊ីក បានចេញធ្វើបាតុកម្មក្នុងទីក្រុងញូ ឌេលី(New Delhi) ប្រទេសឥណ្ឌា កាលពីថ្ងៃអាទិត្យ ទី១០ វិច្ឆិកា ដើម្បីថ្កោលទោសការផ្ទុះឡើងអំពើហិង្សានៅព្រះវិហារសាសនាហិណ្ឌូ ក្នុងប្រទេសកាណាដា។

សមាជិកនៃវេទិកាសកលសាសនាហិណ្ឌូ-ស៊ីក បានដើរដង្ហែរក្បួនឆ្លងកាត់រដ្ឋធានីប្រទេសឥណ្ឌា ដោយស្រែកពាក្យស្លោកសម្រាប់សាមគ្គីភាពសាសនាហិណ្ឌូ និងសាសនាស៊ីក។

ឧបទ្ទវហេតុ នៅវិហារ Mandir ជាយក្រុង Toronto បានឃើញការប៉ះទង្គិចគ្នាកើតឡើងក្នុងអំឡុងពេលបាតុកម្ម។
ក្រុមបាតុករនៅទីក្រុងញូវឌេលី បាននិយាយថា អំពើហិង្សានេះគឺជាហេតុផលនយោបាយ ហើយ «សាសនាស៊ីកពិតប្រាកដ» នឹងមិនវាយប្រហារនៅកន្លែងសាសនា ណាមួយឡើយ។
ក្រុមបាតុករមួយចំនួន បានឆ្លងកាត់របាំងការពាររបស់នគរបាល ហើយព្យាយាមដើរឆ្ពោះទៅស្នងការជាន់ខ្ពស់របស់ប្រទេសកាណាដា មុនពេលត្រូវបាននគរបាលបញ្ឈប់។
ទំនាក់ទំនងផ្នែកការទូតរវាងទីក្រុង New Delhi និងទីក្រុង Ottawa បានផ្ទុះឡើង ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជុំវិញការចោទប្រកាន់ថា អាជ្ញាធរឥណ្ឌា បានសម្លាប់មេដឹកនាំផ្តាច់ខ្លួនសាសនាស៊ីក នៅលើទឹកដីប្រទេសកាណាដា ជាអ្វីដែលប្រទេសឥណ្ឌា បានច្រានចោល។