វាយកូនបាល់៖ កីឡាករវាយកូនបាល់ Cameron Norrie បានក្លាយជាកីឡាករអង់គ្លេសទី១ ដែលឈ្នះជើងឯកការប្រកួតពានរង្វាន់ Indian Wells នៅសហរដ្ឋអាមេរិកក្រោយយកឈ្នះកីឡាករហ្សកហ្ស៊ី Nikoloz Basilashvili នៅវគ្គផ្តាច់ព្រ័ត្រ។ កីឡាករវ័យ ២៦ឆ្នាំ Cameron Norrie ត្រូវបាន Basilashvili នាំមុខមួយសិតមុន ៦-៣ មុនពេលវាយបកយកឈ្នះ ២សិតផ្ទួនៗ ៦-៤ និង ៦-១។

ជ័យជំនះបានធ្វើឱ្យ Cameron Norrie ក្លាយជាកីឡាករវាយកូនបាល់លេខ១ នៅចក្រភពអង់គ្លេស និងជាពានរង្វាន់ដ៏ធំមួយក្នុងអាជីពរបស់ខ្លួន។ ចាប់ផ្តើមឆ្នាំ២០២១ នេះដោយមានចំណាត់ថ្នាក់ពិភពលោកលេខ៧៤ Cameron Norrie បានឡើងមកឈរលំដាប់លេខ១៥ ពិភពលោកនៅពេលនេះបន្ទាប់ពីឡើងវគ្គផ្តាច់ព្រ័ត្រ ៦លើក និងឈ្នះសរុប ៤៧ប្រកួតក្នុងឆ្នាំនេះ។ Cameron Norrie នឹងបន្តដំណើររបស់ខ្លួនទៀតក្នុងការស្វែងរកជ័យជំនះនៅកម្មវិធីបន្ទាប់ ដើម្បីរកឱ្យបានកៅអីមួយនៅព្រឹត្តិការណ៍ចុងក្រោយប្រចាំឆ្នាំហៅថា ATP Finals ដែលប្រមូលផ្តុំដោយកីឡាករលំដាប់កំពូលរបស់ពិភពលោកពីលេខ១ ដល់លេខ៨៕
អត្ថបទនាង សុភាវុធ