ចៅក្រមទីក្រុងញូវយ៉ក គ្រោងនឹងសម្រេចនៅសប្តាហ៍នេះ ថាតើសាលក្រមមានទោសព្រហ្មទណ្ឌរបស់ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump លើការចោទប្រកាន់ពាក់ព័ន្ធនឹងការបង់ប្រាក់បំបិទមាត់ឱ្យតារាអាសអាភាស គួរតែត្រូវបានលុបចោលឬយ៉ាងណា ជុំវិញសេចក្តីសម្រេចរបស់តុលាការកំពូលនៅខែកក្កដា ស្តីពីអភ័យឯកសិទ្ធិប្រធានាធិបតី។

ចៅក្រម ហ័ន មើឆាន ( Juan Merchan) បាននិយាយថា លោកនឹងធ្វើការសម្រេចនៅថ្ងៃអង្គារ (១២ វិច្ឆិកា) ស្អែកនេះ ដែលជាជម្រើសដ៏សំខាន់បន្ទាប់ពីជ័យជម្នះក្នុងការបោះឆ្នោតថ្ងៃទី០៥ វិច្ឆិកា របស់លោក Trump។ ចៅក្រម Merchan ក៏ត្រូវតែសម្រេចថា តើត្រូវបន្តការកាត់ទោសលោក Trump នៅថ្ងៃទី២៦ ខែវិច្ឆិកា ដូចដែលបានគ្រោងទុកឬទេ។

អ្នកជំនាញផ្នែកច្បាប់និយាយថា ការកាត់ទោសទំនងជាមិនកើតឡើងមុនថ្ងៃឡើងកាន់តំណែង ២០ មករា របស់លោក Trump នោះឡើយ។ សេចក្តីសម្រេចណាមួយដោយចៅក្រម Merchan ដែលគាំទ្រលោក Trump នឹងត្រួសត្រាយផ្លូវកាន់តែងាយស្រួលសម្រាប់លោកក្នុងការវិលត្រឡប់ទៅកាន់តំណែងប្រធានាធិបតីវិញ ខណៈបទព្រហ្មទណ្ឌណាមួយក្នុងចំណោមបណ្ដឹងទាំងបួនដែលលោក Trump ប្រឈម មិនគំរាមកំហែងដល់មហិច្ឆិតារបស់លោកក្នុងការឈ្នះកៅអីសេតវិមានមកវិញឡើយ។
ជាមួយគ្នានេះ ក្រុមមន្ត្រីនៅក្រសួងយុត្តិធម៌អាមេរិក កំពុងវាយតម្លៃពីវិធីដោះស្រាយសំណុំរឿងព្រហ្មទណ្ឌសហព័ន្ធចំនួនពីរដែលធ្វើឡើងប្រឆាំងនឹងលោក Trump ដោយសារគោលនយោបាយដ៏យូរអង្វែងរបស់អាមេរិក មិនអនុញ្ញាតឱ្យកាត់ទោសប្រធានាធិបតីដែលកំពុងកាន់តំណែង។ ករណីដាច់ដោយឡែកមួយនៅរដ្ឋ ចចា (Georgia) ពាក់ព័ន្ធនឹងបទចោទព្រហ្មទណ្ឌរបស់រដ្ឋ លើកិច្ចខិតខំប្រឹងប្រែងរបស់លោក Trump ដើម្បីបង្វែរលទ្ធផលឆ្នោតឆ្នាំ២០២០ ក៏កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ដែរ៕