ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអារ៉ាប៊ីសាអ៊ូឌីត បាននិយាយថា បណ្ដាមេដឹកនាំអារ៉ាប់ និងមូស្លីម បានចាប់ផ្តើមទៅដល់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត សម្រាប់កិច្ចប្រជុំកំពូលមួយ ដែលគ្រោងធ្វើនៅថ្ងៃចន្ទសប្ដាហ៍នេះ កា នឹងផ្តោតលើសង្គ្រាមរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា និងលីបង់។

ក្រសួងការបរទេសអារ៉ាប៊ីសាអ៊ូឌីតបានប្រកាសកិច្ចប្រជុំកំពូលនេះកាលពីចុងខែតុលា ក្នុងអំឡុង កិច្ចប្រជុំលើកដំបូងនៃសម្ព័ន្ធភាពអន្តរជាតិ ដែលជំរុញឱ្យមានដំណោះស្រាយរដ្ឋពីរចំពោះជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន។

ទីភ្នាក់ងារសារព័ត៌មានផ្លូវការអារ៉ាប៊ីសាអ៊ូឌីតបាននិយាយកាលពីថ្ងៃអាទិត្យថា អ្នកចូលរួមនឹង ពិភាក្សាអំពីការឈ្លានពានរបស់អ៊ីស្រាអែលដែលនៅតែបន្តលើទឹកដីប៉ាឡេស្ទីន និងសាធារណរដ្ឋលីបង់ ព្រមទាំងការវិវត្តន៍នៃស្ថានភាពសង្រ្គាមនាពេលបច្ចុប្បន្ននៅក្នុងមជ្ឈិមបូព៌ា។

ជំនួបនេះបានកើតឡើងមួយឆ្នាំបន្ទាប់ពីការប្រមូលផ្តុំស្រដៀងគ្នានៅទីក្រុងរីយ៉ាដ(Riyadh)នៃសម្ព័ន្ធអារ៉ាប់ដែលមានមូលដ្ឋាននៅទីក្រុងគែរ(Cairo)ប្រទេសអេហ្ស៊ីប និងអង្គការសហប្រតិបត្តិការអ៊ីស្លាមដែលមានមូលដ្ឋាននៅទីក្រុង ចេដា (Jeddah) ក្នុងអំឡុងពេលបណ្ដាមេដឹកនាំបានថ្កោលទោសសកម្មភាពរបស់កងកម្លាំងអ៊ីស្រាអែលនៅហ្កាហ្សាថាជាអំពើព្រៃផ្សៃ។
យោងតាមទិន្នន័យពីក្រសួងសុខាភិបាលនៃដែនដីគ្រប់គ្រងដោយក្រុមហាម៉ាស ដែលអង្គការសហប្រជាជាតិចាត់ទុកថាអាចទុកចិត្តបាន ឲ្យដឹងថាយុទ្ធនាការសងសឹករបស់អ៊ីស្រាអែល បានសម្លាប់មនុស្សជាង៤៣.៦០០នាក់នៅតំបន់ហ្កាហ្សា ដែលភាគច្រើនជាជនស៊ីវិល៕